(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មុនពេលកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីពាក់ព័ន្ធនានា ចាប់ផ្តើម។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងាររបស់អាស៊ាន និងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។ លោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសកម្ពុជា ក៏ដូចជា ប្រទេសសមាជិកអាស៊ានផ្សេងទៀត ឆ្ពោះទៅរកការសំរេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥។
អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំនេះ បានពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព ក្នុងការកសាងសហគមន៍អាស៊ាន និងបានពិភាក្សាអំពីការងារមួយចំនួន ក៏ដូចជា ផ្តល់អនុសាសន៍ជូនប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
លោកក៏បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍យោបាយ-សន្តិសុខអាស៊ាន (APSC) លើកទី ២៧។ អគ្គលេខាធិការអាស៊ាន បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពការងារ នៃអង្គភាពតាមវិស័យរបស់ APSC ព្រមទាំងការអនុវត្តផែនទីចង្អុលផ្លូវរបស់ APSC ឆ្នាំ២០២៥។
នៅរសៀលថ្ងៃដដែល លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន (ACC) លើកទី ៣៤។ លោកអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពលើការងារដែលសំរេចបាន នៅក្រោមយន្តការ ACC បន្ទាប់ពីកិច្ចប្រជុំពីលើកមុន កាលពីខែឧសភា ឆ្នាំនេះ។ កិច្ចប្រជុំក៏បានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ លើការត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣។
បន្ទាប់មក លោកបានធ្វើសាក្សីក្នុងការចុះហត្ថលេខានៃលិខិតុបករណ៍ចូលក្នុង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់សាធារណរដ្ឋប៉ាណាម៉ា សាធារណរដ្ឋស៊ែប៊ី និងគុយវ៉ែត ដែលធ្វើឱ្យភាគីចូលរួមក្នុង TAC កើនឡើងដល់ចំនួន ៥៤។
អគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងអាស៊ាន និង សមាគមប្រទេសនៅតាមមាត់សមុទ្រ (IORA) ។ MOU នេះ ដាក់ចេញវិស័យកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងអាស៊ាន និង IORA។
ជាមួយគ្នានេះ លោកបានជួបពិភាក្សាការងារជាមួយបណ្ឌិត Salman Al Farisi អគ្គលេខាធិការនៃ សមាគមប្រទេសនៅតាមមាត់សមុទ្រ (IORA) ។ ភាគីទាំងពីរបានស្វាគមន៍ការចុះហត្ថលេខាលើ MoU រវាងអាស៊ាន និង IORA ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីអនុវត្ត MoU ដើម្បីឱ្យកិច្ចសហប្រតិបត្តិការកាន់តែមានទម្ងន់ និងមានអត្ថន័យបន្ថែមទៀត។
លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសប៉ាណាម៉ា លោក Vladimir Franco ។ ភាគីទាំងពីរបានចែករំលែកអំពីសារៈសំខាន់នៃការចូលក្នុង សន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) របស់ប៉ាណាម៉ា ដោយបើកផ្លូវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងតំបន់ទាំងពីរ។
អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ចូលជួបសំដែងការគួរសម និងពិភាក្សាការងារចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ នៅក្នុងឱកាសនោះលោកបណ្ឌិត កៅ គឹមហួន បានសំដែងនូវអំណរសាទរចំពោះសម្តេចធិបតីសម្រាប់ការកាន់តំណែងជានាយករដ្ឋមន្ត្រី និងសូមស្វាគមន៍មកកាន់ទីក្រុងហ្សាការតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ពីថ្ងៃទី ៥ ដល់ ៧ ខែកញ្ញា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី និងអគ្គលេខាធិការអាស៊ាន ក៏បានពិភាក្សាគ្នាត្រង់ទៅត្រង់មក ស្តីពីអនាគតរបស់អាស៊ាន ព្រមទាំងបានរំលឹកអំពីជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ផងដែរ។
លោក កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយ សាស្ត្រាចារ្យ Klaus Schwab ស្ថាបនិក និងប្រធានប្រតិបត្តិវេទិកាសេដ្ឋកិច្ចពិភពលោក។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ លើវិស័យនៃកិច្ចសហប្រតិបត្តិការមួយចំនួន ដូចជា ការផ្លាស់ប្តូរផ្នែកឌីជីថល សេដ្ឋកិច្ចឌីជីថលប្រកបដោយបរិយាប័្នន និងចីរភាព និងភាពជាដៃគូរវាងអាស៊ាន និងវិស័យឯកជន ជាដើម។
អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោកស្រី Ana Cecilia Gervasi រដ្ឋមន្ត្រីការបរទេសប៉េរូ។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈលើវិស័យកិច្ចសហប្រតិបត្តិការមួយចំនួន ដែលអាចធ្វើទៅបាន រវាងអាស៊ានជាមួយប៉េរូ និងរវាងអាស៊ាន ជាមួយសម្ព័ន្ធមិត្តតំបន់ប៉ាស៊ីហ្វិក។
លោកថែមទាំងបានជួបពិភាក្សាការងារជាមួយ លោក Ivica Dacic ឧបនាយករដ្ឋមន្ត្រីទី១ និងជារដ្ឋមន្ត្រីការបរទេសស៊ែរប៊ី ។ ភាគីទាំងពីរទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងស៊ែរប៊ីបន្ថែមទៀត បន្ទាប់ពីស៊ែរប៊ី បានចុះហត្ថលេខាលើ TAC ៕