(ភ្នំពេញ)៖ កម្លាំងអន្តរាគមន៍ពិសេស បានដេញឃាត់ខ្លួនក្មេងទំនើង ០៨នាក់ជិះម៉ូតូ០៤គ្រឿងបង្ហោះ និងប្រដេញគ្នាផ្អើលក្នុងបឹងកក់ នៅតំបន់បឹងកក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កប៉ះសណ្តាប់ធ្នាប់សាធារណៈ នៅវេលាម៉ោង០៩យប់ ថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០២៣។ ក្មេងទំនើងទាំងនេះជាសិស្ស និងបានអប់រំឲ្យធ្វើកិច្ចសន្យាដោះលែងត្រឡប់ទៅផ្ទះវិញ។
ឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរងទទួលដឹកនាំអង្គភាពកម្លាំងអន្តរាគមន៍ពិសេសប្រាប់ឲ្យដឹងថា៖ ការចាប់ឃាត់ក្មេងទំនើងបង្កប៉ះពាល់អសន្តិសុខ គឺអនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវយុទ្ធាការឲ្យកម្លាំងនគរបាលរាជធានីភ្នំពេញ ចេញល្បាតត្រួតពិនិត្យបង្រ្កាបក្មេងទំនើង ដែលបញ្ហាក្មេងទំនើងនេះ បង្កើតជាក្រុមបក្ខពួកដើរលេងមិនចូលផ្ទះ ក្នុងមួយរយៈ បានបង្កការវាយកាប់ចាក់គ្នា និងអុកឡុកនៅតាមូលដ្ឋានមួយចំនួន ធ្វើឲ្យប្រជាពលរដ្ឋភ័យខ្លាច។
ក្នុងរយៈពេលប៉ុន្មានយប់ចុងក្រោយ កងកម្លាំងនគរបាលរាជធានីភ្នំពេញ ក៏បានបង្រ្កាបចាប់ខ្លួនក្មេងទំនើងមួយចំនួន រួចហើយយកទៅអនុវត្តច្បាប់បន្ទាប់ពីប្រើអំពើហិង្សាទៅលើជនរងគ្រោះរងរបួសធ្ងន់។
សូមបញ្ជាក់ថាកម្លាំងអន្តរាគមន៍ពិសេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញចេញល្បាតត្រួតពិនិត្យរហូត ២៤ម៉ោងលើ២៤ម៉ោង ក៏ដើម្បីបង្ការទប់ស្កាត់បទល្មើសផ្សេងៗទៀតផងដែរ និងជាពិសេសគឺធានារសក្សាសន្តិសុខ សណ្តាប់ធ្នាប់នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ រស់នៅក្នុងមូលដ្ឋានមានភាពកក់ក្តៅ៕