(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារអបអរសាទរជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឌិត មុន្ទី ក្នុងឱកាសដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
សារចូលរួមអបអរសាទរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ « រូបខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក្នុងឱកាសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី»។
សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ រូបខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ដែលបាននឹងកំពុងបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្តងទៀត រូបខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕