(ហឺណាន, ចិន)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចការងារ នៅខេត្តហឺណាន ប្រទេសចិន។

ខេត្តហឺណាន គឺជាខេត្តដែលមានសេដ្ឋកិច្ចធំជាងគេទី៥ នៅប្រទេសចិន និងជាខេត្តដែលមានវិស័យកសិកម្មឈានមុនគេ១ នៅប្រទេសចិន។

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដល់អ្នកវិនិយោគរួចមក លោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs) បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក។

លោកអភិបាលខេត្ត បានទៅទស្សនកិច្ចមជ្ឈមណ្ឌលបង្ហាញបច្ចេកវិទ្យាកសិកម្ម ZhongYuan Nonggu ឈ្វេងយល់ពីរបៀបបង្កាត់ពូជ និងការពារបន្សាំជម្ងឺគ្រប់មុខ ស្រូវ ល្ង ពោត សណ្តែក ត្រី ផ្លែឈើគ្រប់ ព្រមទាំងផលិតផលសម្រេចចែកចាយនៅទីផ្សារ។

ជាមួយគ្នានេះ លោកបានទស្សនកិច្ច មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យាកសិកម្មទំនើប ដោយប្រើប្រាស់ Drone និង គ្រឿងយន្តកសិកម្ម ព្រមទាំងទៅមើលសត្វឃាតដ្ឋាន កែច្នៃ និង វេចខ្ចប់សត្វជៀម ដែលអាចធ្វើបាន ៤.០០០ ទៅ ៥.០០០ ក្បាលក្នុង១ថ្ងៃ។ លោកថែមទាំងបានទៅរោងចក្រ វេចខ្ចប់ចំណីអាហារ Jiu Duo Rou Duo រួមមាន អាហារឆៅ អាហារឆ្អិន និង ជ្រក់ ផងដែរ។

លោក វ៉ី សំណាង បានជួបពិភាក្សាជាមួយលោក Wang Guangguo នាយកប្រតិបត្ត សហព័ន្ធសហគ្រិនជនជាតិចិនក្រៅប្រទេស ខេត្តហឺណាន ( Henan Federation of Oversea Chinese Entrepreneurs)។ ភាគីចិន បានប្តេជ្ញាជំរុញសហគ្រាស ជាង៥០ ទៅវិនិយោគនៅខេត្តកំពង់ស្ពឺ ដោយផ្តោតលើវិស័យកសិកម្ម ជាពិសេសការចិញ្ចឹមគោ និងជ្រូក ក៏ដូចជាឧស្សាហកម្មកែឆ្នៃសាច់គោ និងជ្រូក៕