(កំពង់ចាម)៖ លោក ហ៊ុន ម៉ានិត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាស្រុកចំការលើ បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ នៅទូទាំងស្រុកចំការលើ ដែលបានបន្ដបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។
សារថ្លែងអំណរគុណរបស់លោក ហ៊ុន ម៉ានិត ត្រូវបានរំលេចឡើងនៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកចំការលើ ខេត្តកំពង់ចាម។
លោក ហ៊ុន ម៉ានិត បានបញ្ជាក់ថា «លទ្ធផលនៃការបោះឆ្នោតនាពេលកន្លងទៅ សម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា នៅស្រុកចំការលើ មានការកើនឡើង ហើយនេះបានបង្ហាញយ៉ាងច្បាស់ថាប្រជាជននៅស្រុកចំការលើ ស្រឡាញ់ ពេញចិត្ត គាំទ្រមាគ៌ាដឹកនាំ គោលនយោបាយរបស់គណបក្ស និងរាជរដ្ឋាភិបាល ក្នុងគោលដៅថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ»។
លោក ហ៊ុន ម៉ានិត បន្ដថា ការខិតខំប្រឹងប្រែង សាមគ្គីភាព និងកិច្ចសហការរបស់អង្គការចាត់តាំងគណបក្សគ្រប់ជាន់ថ្នាក់ និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ គឺជាកម្លាំងចលករ ដើម្បីសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យនៅមូលដ្ឋាន ការពារផលប្រយោជន៍ប្រជាជន និងឆ្លើយតបទាន់ពេលវេលានូវសេវាតម្រូវការ និងសេវាសាធារណៈ។ កត្តាទាំងនេះហើយ ដែលធ្វើឲ្យប្រជាជននៅស្រុកចំការលើ គាំទ្រ ពេញចិត្ត ហើយបន្តបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ប្រជាការពារ ដែលបានចូលរួមគ្រប់សកម្មភាពធានាការពារសន្តិសុខ សុខសុវត្ថិភាពជូនប្រជាជន៕