(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក្នុងឱកាសដែលឯកឧត្តមត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតជា «សម្តេចមហាបវរធិបតី»។

សារចូលរួមអបអរសាទរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះ
សម្តេចមហាបវរធិបតី ក្នុងឱកាសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្ដេចមហាបវរធិបតី» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/ ២១១០ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះគោរមងារ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះរាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ គឺពិតជាស័ក្តិសមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្ដេចមហាបវរធិបតី ដែលធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីបន្តធានាការពារឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាព ទឹកដីការពារដាច់ខាតនូវរាជបល្ល័ង្គ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ពិសេសបន្តធានាការពារសន្តិភាពស្ថិរភាពសង្គមជាតិ និងជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនជឿនលឿន ព្រមទាំងលើកស្ទួយ
កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ជាថ្មីម្តងទៀត និងភរិយា សូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕