(ភ្នំពេញ)៖ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារអបអរសាទរ ជូនឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ហោ ណាំហុង ក្នុងឱកាសព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី។
សម្តេចតេជោ ហ៊ុន សែន បានសរសេរសារថា «ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ជាទីគោរពស្រឡាញ់! ជាបឋម រូបខ្ញុំ និងភរិយាសូមចូលរួមអបអរសាទរដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត ក្នុងឱកាសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជហឫទ័យ ត្រាស់បង្គាប់តែងតាំងជា “ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី “ តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១១១ ចុះថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣»។
ឆ្លៀតក្នុងឱកាសដ៏ល្អប្រពៃថ្លៃថ្លានេះផងដែរ រូបខ្ញុំសូមថ្លែងការសរសើរដោយសុទ្ធចិត្តបំផុតចំពោះឯកឧត្តម កិត្តិបរិរក្សបណ្ឌិត ដែលបានកំពុងបំពេញបេសកកម្មបំរើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត ក្នុងបំណងសុខសន្តិភាពទាំងផ្លូវកាយ ទាំងផ្លូវចិត្តជានិច្ចនិរន្តរ៍តរៀងទៅ។
ជាថ្មីម្តងទៀត រូបខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះឯកឧត្តមកិត្តិបរិរក្សបណ្ឌិត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕