(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារចូលរួមអបអរសាទរជូនចំពោះ លោកជំទាវ ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី»

សារចូលរួមអបអរសាទរដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖

«ជាបឋម ខ្ញុំ និងភរិយាសូមសម្ដែងនូវអបអរសាទរ ដោយក្តីរំភើបសោមនស្សរីករាយជាអនេកប្បការចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទានគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី» តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៩២៣/២១០៩ ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

ព្រះគោរមងារ ដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់សព្វព្រះ រាជហឫទ័យប្រោសប្រទានជូននាឱកាសនេះ គឺពិតជាស័ក្តិសមនឹងគុណបំណាច់ដ៏ធំធេងរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ដែលបាននឹងកំពុងបំពេញបេសកកម្មបម្រើឧត្តមប្រយោជន៍ជាតិ លើកកម្ពស់អត្ថិភាព និងជីវភាព សង្គមប្រកបដោយនីតិកោសល្យជ្រៅជ្រះ និងទេពកោសល្យដ៏ប៉ិនប្រសប់ដោយ គតិបណ្ឌិតជាភិយ្យោភាព។

ជាថ្មីម្ដងទៀត ខ្ញុំ និងភរិយាសូមប្រសិទ្ធពរជ័យមហាប្រសើរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារ សូមបានសមប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ សូមសម្តេចមហារដ្ឋសភាធិការធិបតី ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅអំពីខ្ញុំ»៕