(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអនុញ្ញាតឲ្យនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងនោះ នាយឧត្ដមសេនីយ៍ Surachate Hakparn បានចូលរួមអបអរសាទរ នាយឧត្តមសេនីយ៍ ស ថេត នាឱកាសដែលត្រូវបានប្រកាសតែងតាំងជា អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រោមអធិបតីលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្តើម នាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលភូមិន្ទថៃ ជូនចំពោះនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងសូមជូនពរ សម្រេចបានជោគជ័យគ្រប់ភារកិច្ច ដែលថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ ប្រគល់ជូន។

នាយឧត្ដមសេនីយ៍ Surachate Hakparn បានបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ឲ្យមានភាពរឹងមាំជិតស្និទបន្ថែមទៀត សំដៅសម្រេចឲ្យបាននូវលទ្ធផលធំៗ ក្នុងកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ។

ជាការឆ្លើយតប នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងអំណរគុណចំពោះនាយឧត្ដមសេនីយ៍ Surachate Hakparn អគ្គស្នងការរងនគរភូមិន្ទថៃ និងគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដោយបាននាំមកនូវការជូនពរ អបអរសាទរ ដែលជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃេីញនូវស្មារតីគោរពស្រឡាញ់រាប់អានគ្នាយ៉ាងជិតស្និទ្ធ ក្នុងនាមកងកម្លាំងនគរបាលអាស៊ាន។

ក្នុងជំនួបនោះដែរ នាយឧត្តមសេនីយ៍ ស ថេត ក៏បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលភូមិន្ទថៃ ដើម្បីបង្ការទប់ស្កាត់ និងប្រឆាំងបទល្មើសឧក្រិដ្ឋឆ្លងដែនគ្រប់ប្រភេទ៕