(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអាស៊ានពន្លឿននីតិវិធីទាំងឡាយ ដើម្បីឱ្យប្រទេសទីម័រខាងកើតក្លាយជាសមាជិកអាស៊ានពេញសិទ្ធិ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងជំរុញបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននារសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ប្រទេសទីម័រខាងកើត បានស្វះស្វែងចូលជាសមាជិកអាស៊ានជាច្រើនឆ្នាំមកហើយ។ កម្ពុជា ជាសមាជិកអាស៊ានមួយ ដែលបានប្រឹងប្រែងជាខ្លាំងក្នុងការជួយប្រទេសទីម័រខាងកើតឱ្យសម្រេចនូវបំណងរបស់ខ្លួន។
បើទោះបីបំណងនេះ មិនទាន់បានសម្រេចជាស្ថាពរយ៉ាងណាក្តី តែក៏បានទទួលលទ្ធផលមួយដ៏ល្អផងដែរសម្រាប់ប្រទេសទីម័រខាងកើត។ ពេលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ប្រទេសសមាជិកអាស៊ាន បានសម្រេចឱ្យប្រទេសទីម័រខាងកើតក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន។ នៅឆ្នាំ២០២៣នេះ មេដឹកនាំទីម័រខាងកើត ក៏បានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានផងដែរ ក្នុងនាមជាអ្នកសង្កេតការណ៍។
តាមរយៈការជំរុញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញច្បាស់ពីនយោបាយការទូត និងកិច្ចប្រឹងប្រែងរបស់កម្ពុជាក្នុងការជួយដល់ប្រទេសទីម័រ។ ជាពិសេសបង្ហាញថា បើទោះបីកម្ពុជា បានផ្លាស់ប្តូរមេដឹកនាំយ៉ាងណាក្តី តែកម្ពុជាមិនប្តូរជំហរនយោបាយក្នុងការជួយទីម័រខាងកើតឱ្យក្លាយជាសមាជិកទី១១ របស់អាស៊ាននោះឡើយ៕