(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហារបស់មីយ៉ាន់ម៉ា គឺជាបញ្ហាដ៏សំខាន់មួយពាក់ព័ន្ធដល់សាមគ្គីភាពផ្ទៃក្នុងរបស់អាស៊ាន។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យអាស៊ានខិតខំរួមគ្នារកដំណោះស្រាយលើវិបត្តិរបស់មីយ៉ាន់ម៉ា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី ទីដែលកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។
យោងតាមបណ្តាញសង្គមរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីបញ្ហារបស់មីយ៉ាន់ម៉ា។ សម្តេចបានគូសរំលេចថា អាស៊ាន ត្រូវតែខិតខំរកដំណោះស្រាយរួមគ្នាលើបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។ សម្ដេចធិបតី បានបញ្ជាក់ដូច្នេះ «អាស៊ានដើរតួនាទីសំខាន់ក្នុងការជួយគាំទ្រដល់មីយ៉ាន់ម៉ា និងលើកទឹកចិត្តដល់អគ្គលេខាធិការអាស៊ាន ក្នុងការជួយស្វែងរកជំនួយមនុស្សធម៌ ជូនប្រជាជនមីយ៉ាន់ម៉ា»។
សូមបញ្ជាក់ថា វិបត្តិនយោបាយនៅប្រទេសមីយ៉ាន់ម៉ា បានអូសបន្លាយរយៈពេលប្រមាណជា៣ឆ្នាំហើយ។ មេដឹកនាំយោធាដែលកំពុងដឹកនាំប្រទេសមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមកិច្ចប្រជុំកំពូលរបស់អាស៊ានរយៈពេល៣ឆ្នាំហើយផង៕