(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាសមាជិករបស់អាស៊ាន​នោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សន្តិសុខ គឺជាបញ្ហាដ៏ចម្បង​មួយដែលអាស៊ានត្រូវយកចិត្តទុកដាក់ ហើយត្រូវប្រឹងប្រែងសម្របសម្រួល​រាល់បញ្ហាទាំង​ឡាយ សម្តៅកាត់បន្ថយជម្លោះ និងថែរក្សាបាននូវសុខសន្តិភាព ស្ថេរភាព ព្រមទាំងធានាឱ្យមាន​វិបុលភាព ដែលជាគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ​លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ សម្តេចធិបតី ហ៊ុន ម៉ាណែត ពេលអញ្ជើញដល់​ប្រទេសឥណ្ឌូនេស៊ីភ្លាម ក៏បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គ​លេខាធិការ​អាស៊ាននៅរសៀលថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។

សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយ និងបានថ្លែងអំណរគុណ ចំពោះ​គណៈ​ប្រតិភូនៃអគ្គលេខាធិការអាស៊ាន ដែលបានចូលជួបសម្ដែងការគួរសម និងបានបញ្ជាក់​ថា​នេះ ជាលើកដំបូងដែលសម្ដេចធិបតី បានដឹកនាំគណៈប្រតិភូបំពេញបេសកកម្មនៅក្រៅ​ប្រទេស ហើយជំនួបជាមួយលោក កៅ គឹមហួន ជាជំនួបលើកដំបូងនៅក្រៅប្រទេស របស់សម្ដេច ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា។

លោក កៅ គឹមហួន បានថ្លែងអំណរគុណចំពោះសម្ដេចធិបតី ដែលបានអនុញ្ញាត​ឱ្យ​គណៈ​ប្រតិ​ភូចូលជួបសម្តែងការគួរសម។ លោកអគ្គលេខាធិការ ក៏បានសម្តែងការអបអរសាទរ​ចំពោះ​សម្ដេច ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រី ហើយថ្មីៗនេះ សម្ដេចក៏ទទួលបានគោ​រម​ងារ​ជាសម្ដេចមហាបវរធិបតី ដែលនេះជាគោរមងារដ៏ឧត្តុង្គឧត្តម្ភ។

លោក កៅ គឹមហួន ក៏បានជម្រាបពីកិច្ចការរបស់អាស៊ាន លើទិដ្ឋភាពជាច្រើន មានដូចជា៖ ចក្ខុវិស័យរបស់អាស៊ានសម្រាប់២០៤៥ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាសហគមន៍​សន្ដិសុខ​នយោបាយអាស៊ាន ដែលជាចក្ខុវិស័យរយៈពេលវែងរហូតដល់២៥ឆ្នាំ ដែលមិនធ្លា​ប់​មាន​នៅ​ក្នុង​ប្រវត្តិសាស្ត្ររបស់អាស៊ាន។ ក៏ប៉ុន្តែកិច្ចការអាស៊ាន ដែលលោកមានការចាប់អារម្មណ៍ជាងគេ​នៅ​ក្នុង​សសរស្ដម្ភទាំងបីរបស់អាស៊ាន គឺអាស៊ានប្រមូលផ្ដុំលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែល​កំពុងតែលេចធ្លោនៅក្នុងកិច្ចការរបស់អាស៊ានដោយទទួលបាននូវការផ្តល់ថវិកាជាអាទិភាពជាច្រើនសម្រាប់ឱ្យសហគមន៍សេដ្ឋកិច្ចអាស៊ានដំណើរការប្រកបដោយប្រសិទ្ធភាព ។

លោក កៅ គឹមហួន បានបន្តថា អាស៊ានបានធ្វើការបើកសេដ្ឋកិច្ចឌីជីថល​ឈានទៅដល់​២០២៥ ដែលតាមការវាយតម្លៃ គឺអាចបំពេញបន្ថែមថវិការហូតដល់២ទ្រីលានដុល្លារ នៅឆ្នាំ​២០៣០ ហើយផលិតផលក្នុងស្រុកសរុប របស់អាស៊ាន អាចនឹងកើតដល់២ទ្រីលានដុល្លារ នៅឆ្នាំ២០៣០ ។ ចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន មានឯកសារច្រើនជាងគេ ដែលត្រូវ​អនុ​ម័ត​ បន្ទាប់​មក គឺការអនុម័តលើឯកសារនៃសហគមន៍សង្គម វប្បមធម៌អាស៊ាន។

សម្ដេចធិបតី បានកោតសរសើ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់លោក អគ្គលេខា​ធិការ​អាស៊ាន អគ្គលេខាធិការដ្ឋានអាស៊ាន ចំពោះការខិតខំប្រឹងប្រែង និង គំនិតផ្ដួចផ្ដើមនានា ក្នុងការជំរុញដំណើរកសាងសហគមន៍អាស៊ាន។

សម្ដេចធិបតី ក៏បានឯកភាពចំពោះអាស៊ាន ដែលផ្ដោតទៅលើសហគមន៍សេដ្ឋកិច្ចអាស៊ាន ដែល​បានធ្វើសមាហរណកម្មនៅក្នុងតំបន់អាស៊ាន ដោយផ្ដោតសក្ដានុពលជំរុញ​សេដ្ឋកិច្ច​អាស៊ាន ពិសេសជំរុញកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចតំបន់គ្រប់ជ្រុងជ្រោយ (RCEP) ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងអំពីបញ្ហាសន្ដិសុខ ដោយសម្តេចចាត់ទុកបញ្ហានេះ ជាបញ្ហាចម្បងសម្រាប់អាស៊ាន ដែលទាមទារឱ្យខិតខំធ្វើការសម្របសម្រួល សំដៅធ្វើការកាត់​បន្ថយ​ជម្លោះ ដើម្បីថែរក្សាសន្ដិភាព ស្ថិរភាព ធានាឱ្យមាន វិបុលភាពដែលជាមូលដ្ឋាន​សំខាន់​នៃការ​អភិវឌ្ឍសេដ្ឋកិច្ច។

សម្ដេចធិបតី មានប្រសាសន៍បន្តថា «ឯកឧត្តមអគ្គលេខាធិការអាស៊ាន​យល់ច្បាស់​ណាស់អំពី​តម្លៃនៃសន្ដិភាព ប្រសិនបើនៅក្នុងតំបន់មានអស្ថិរភាព និងមានការលំបាក នោះនឹងធ្វើឱ្យប៉ះ​ពាល់ដ​ល់សេដ្ឋកិច្ចអាស៊ានទាំងមូល។ ដូច្នេះអាស៊ានត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង ថែរក្សា សន្ដិភាព ស្ថិរភាព»៕