(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានអំពាវនាវដល់សប្បុរសជនជួយឧបត្ថម្ភ ក្នុងឱកាសចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ នៅខេត្តស្ទឹងត្រែង ខាងមុខនេះ។ នេះបើតាមសេចក្តីអំពាវនាវ ដែលបណ្តាញ Fresh News ទទួលបាន។

សេចក្តីអំពាវនាវ បានឲ្យដឹងថា នៅសប្តាហ៍ទី៤ នៃ ខែកញ្ញា ឬសប្ដាហ៍ទី១ នៃខែតុលា ឆ្នាំ២០២៣ នាឱកាសបុណ្យភ្ជុំបិណ្ឌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូសាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខកងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយរដ្ឋបាលរាជធានីភ្នំពេញ រួមមាន កងពលធំអន្តរាគមន៍លេខ៣ កងពលតូចអន្តរាគមន៍លេខ៩ វរៈនគរបាលការពារព្រំដែនលេខ៧៩៣ ឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិសប្រាសាទព្រះវិហារ និងកងពលតូចអន្តរាគមន៍លេខ១២៨ ឈរជើងការពារនៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

សេចក្តីអំពាវនាវ ដដែលបញ្ជាក់ថា «ដើម្បីឱ្យការចុះសួរសុខទុក្ខនេះទទួលជោគជ័យ បង្ហាញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្តដល់យុទ្ធជនតាមបន្ទាត់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវ ឯកឧត្តម អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ជាពាណិជ្ជករ សិប្បករ វិនិយោគិន និងសប្បុរសជន លោក លោកស្រីអភិបាលខណ្ឌ ប្រធានមន្ទីរ អង្គភាពចំណុះ ទាំងអស់ មេត្តាចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ ឬសម្ភារប្រើប្រាស់ផ្សេងៗ តាមលទ្ធភាព និងសទ្ធាជ្រះថ្លា ដើម្បីរួមចំណែកឧបត្ថម្ភជូនដល់កងទ័ព និងក្រុមគ្រួសារកងទ័ពការពារ ទឹកដីនៅតាមបន្ទាត់ព្រំដែនជួរមុខ«។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់លើស្មារតី និងទឹកចិត្តសប្បុរសធម៌ ដែលជាវប្បធម៌ នៃការចែករំលែករបស់ប្រជាជាតិយើង។ អំណោយទាំងអស់ អាចប្រគល់ជូនទីចាត់ការហិរញ្ញវត្ថុ នៅសាលារាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ទូរស័ព្ទលេខ ០៦១ ៧៩៩ ៩៩៧ / ០១២ ៤២៥ ៩៨៩ ឬបង្វែរតាមគណនី ធនាគារ ABA របស់រដ្ឋបាលរាជធានីភ្នំពេញ៖ PHNOM PENH CAPITAL HALL លេខ៖ 002 427 351 (KHR) និងលេខ៖ 002 427 343 (USD)៕