(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំប្រជុំ លើកទី៣ ដើម្បីដាក់ផែនការជូន ស្នងការរង លោកនាយការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ឱ្យពង្រឹងគ្រប់គ្រង និងបញ្ជាដឹកនាំកម្លាំងក្រោមឱវាទ បំពញភារកិច្ចការរពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកស្នងការបានណែនាំដល់ស្នងការរង នាយការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ឱ្យជំរុញអនុវត្តដឹកនាំការងារជាប្រចាំ កុំអនុវត្តការងាររបៀបភ្លើងចំបើង ដើម្បីធ្វើយ៉ាងណាផ្តល់ជំនឿទុកចិត្តដល់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលបានប្តេជ្ញា និងខិតខំដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។
ថ្មីៗនេះ លោកស្នងការក៏បានដឹកនាំប្រជុំជាមួយមន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌនិងជំនាញសណ្តាប់ធ្នាប់ចារចរណ៍ ត្រូវពង្រឹងខិតខំស្រាវជ្រាវបង្ការទប់ស្កាត់បទល្មើសលួចឆក់ប្លន់ និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យប៉ះពាល់អសន្តិសុខសង្គមធ្ងន់ធ្ងរ និងណែនាំឱ្យកម្លាំងនគរបាលចរាចរណ៍ប្តូរឥរិយាបថ ទន់ភ្លន់ រាបសារ ហាមធ្វើអំពើហិង្សារទៅលើប្រជាពលរដ្ឋ និងត្រូវលប់បំបាត់ការលួចពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវនៅពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះបញ្ហានេះបានបង្កជះឥទ្ធិពលអាក្រក់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
លោកអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំលោកលោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបំពេញភារកិច្ចទៅតាមឋានានុក្រម ក្នុងនោះត្រូវរៀបចំផែនការ និងគោលការណ៍ដឹកនាំឱ្យច្បាស់លាស់បែងចែកការងារមន្រ្តីក្រោមវាទធ្វើការងារទៅតាមជំនាញនិងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ ពង្រឹងរៀបចំកម្លាំងការពារគោលដៅងាយរងគ្រោះដូចជាតំបន់ទេសចរណ៍របស់ភ្ញៀសអន្តរជាតិ កន្លែងកម្សាន្តសប្បាយ ទីប្រជុំប្រជន និងស្ថាប័ណ្ណជាតិជាដើម។ ជាមួយគ្នាក៏បានហាមឃាត់មិនឱ្យមានការសម្របសម្រួលក្រៅផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសបង្កប៉ះពាល់អសន្តិសុខសង្គម៕