(កំពង់ស្ពឺ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង និងមានការចូលរួមពីសំណាក់លោក កៅ សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ស្ពឺ និងមន្ត្រីពាក់ព័ន្ធចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ចំនួន២ទីតាំង និងអណ្តូងស្នប់អាហ្រីដេហ្វចំនួន១ទីតាំង ស្ថិតនៅភូមិសាស្រ្ដស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ទីតាំងទី១៖ ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍នៅភូមិដូង ឃុំជាំសង្កែ ដោយប្រើប្រាស់ថាមពលអគ្គិសនីផង និងពន្លឺព្រះអាទិត្យផង ដែលមានសមត្ថភាពអាចផលិតទឹកស្អាតជាអតិបរមា២០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ បច្ចុប្បន្ន ប្រព័ន្ធចែកចាយទឹកនេះមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន១៨២ខ្នងផ្ទះ ក្នុងចំណោមប្រជាពលរដ្ឋសរុប៤០១ខ្នងផ្ទះ ក្នុងភូមិដូង និងភូមិសិលា។
ទីតាំងទី២៖ ស្រះទឹកសហគមន៍ស្ថិតនៅភូមិស្រែជ្រៅ ឃុំតាំងសំរោង ដែលមានសមត្ថភាពផលិតទឹកស្អាតបានជាអតិបរមា៤០ម៉ែត្រគូបក្នុងពេលថ្ងៃ ដោយប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។
ទីតាំងទី៣៖ អណ្ដូងស្នប់អាហ្វ្រីដេហ្វ នៅក្នុងសាលាបឋមសិក្សាដំណាក់ត្រាច ឃុំដំបូករូង សម្រាប់សិស្សានុសិស្សប្រើប្រាស់។
លោករដ្ឋមន្រ្ដីបានផ្ដាំផ្ញើ និងណែនាំដល់មន្រ្ដីបច្ចេកទេស និងមន្រ្ដីនៃមន្ទីរអភិវឌ្ឍន៍ជនបទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងអស់នេះ ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង និងបន្តនិរន្ដរភាពលើវិស័យផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ។
នៅរសៀលថ្ងៃដដែល លោក ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរបានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ។
បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍ដ៏ក្បោះក្បាយរបស់លោកប្រធានមន្ទីរួចមក លោករដ្ឋមន្រ្ដីបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ និងផ្ដល់នូវការណែនាំ និងអនុសាសន៍ដូចខាងក្រោមនេះ៖
១. បន្តខិតខំចូលរួមអនុវត្តការងារអភិឌ្ឍជនបទ ដើម្បីលើកកម្ពស់គុណតម្លៃជីវិតប្រជាជនជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ស្របតាមចក្ខុវិស័យ និងយុទ្ធសាស្រ្ដបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧។
២. សហការជាមួយបណ្តាមន្ទីរ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដោយបំពេញតួនាទីជាសេនាធិការបច្ចេកទេសដល់អភិបាលខេត្ត និងក្រុមប្រឹក្សាខេត្តលើវិស័យអភិវឌ្ឍន៍ជនបទ។
៣. គោរពវិន័យ របៀបរបបធ្វើការ របបប្រជុំតាមដាន និងត្រួតពិនិត្យប្រជុំខែ ត្រីមាស ឆមាសឱ្យបានទៀងទាត់ ដើម្បីរួមគ្នាដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ។
៤. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ទាប់ ដែលក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
៥. ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
៦. ត្រូវបង្កើតឱ្យមានអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន និងសម្របសម្រួលជាមួយអ្នកនាំពាក្យរបស់សាលាខេត្ត និងអ្នកនាំពាក្យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលឱ្យបានទូលំទូលាយ៕