(ភ្នំពេញ)៖ លោក ប៉ា ងួនទៀង បានប្រកាស លាឈប់ពីតួនាទីនាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ហើយ។ ការលាឈប់របស់លោក បានធ្វើឡើងចាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ប៉ុន្តែត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ជាមួយនឹងការលាឈប់នេះ លោកសូមអរគុណដល់ក្រុមប្រឹក្សាភិបាល និង សហការីគ្រប់ជំនាន់ទាំងអស់ដែលរួមសហការគ្នាបំពេញបេសកកម្មរបស់នៅអង្គការនេះកន្លងមក។ ខ្ញុំពិតជាចងចាំនិងនឹកអ្នកទាំងអស់គ្នា! ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់ម្ចាស់ជំនួយ អង្គការដៃគូ និង មិត្តភក្តិក្នុងអង្គការក្រៅរដ្ឋាភិបាល សកម្មជនសិទ្ធមនុស្ស និង អ្នកសារព័ត៌មានទាំងអស់ដែបានជួយឧបត្ថម្ភ គាំទ្រ និងសហការជាមួយ CCIM កន្លងមក។
CCIM គឺជាមេរបស់សារព័ត៌មាន VOD ដែលរាជរដ្ឋាភិបាល បានសម្រេចដកហូតអាជ្ញាបណ្ណ កាលពីថ្ងៃកុម្ភៈ ឆ្នាំ២០២៣ ដោយសារតែមានកំហុសផ្នែកវិជ្ជាជីវៈធ្ងន់ធ្ងរ។ ក្រោយដកហូតអាជ្ញាបណ្ណ បុគ្គលិកមួយចំនួននៅសារព័ត៌មាននេះ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌផងដែរ៕