(ភ្នំពេញ)៖ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី បានបង្ហាញការគាំទ្រអនុសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លើការពន្លឿនការចរចាប្រាក់ឈ្នួល និងការកែសម្រួលមធ្យោបាយធ្វើដំណើររបស់កម្មករ និយោជិត។
ការគាំទ្រនេះធ្វើឡើងក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានណែនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវខិតខំសម្របសម្រួលការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យាសាស្ត្រ និងលក្ខណៈវិនិច្ឆ័យដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
លោក ហ្វា សាលី បានលើកឡើងថា លោកមានទឹកចិត្តសប្បាយរីករាយចំពោះការពន្លឿនការងារប្រជុំដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិតនេះ ព្រោះជាសារវិជ្ជមានមួយសម្រាប់កម្មករ និយោជិត ដែលកំពុងរង់ចាំដំណឹងពីការចរចាប្រាក់ឈ្នួល។
លោក បានគូសបញ្ជាក់ដូច្នេះ៖ «យ៉ាងណាក៏ដោយ ត្បិតថា កម្ពុជារងផលប៉ះពាល់ការបញ្ជាទិញសេដ្ឋកិច្ចសាកល ប៉ុន្តែរដ្ឋាភិបាលក៏បានខិតខំដំឡើងប្រាក់ឈ្នួលកម្មករ និយោជិត ទោះតិចឬច្រើនក្តី»។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងការងារសហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្តឱ្យមានការផ្លាស់ប្ដូរជាបណ្តើរៗនូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាពជាងមុនត្រឹមឆ្នាំ២០២៧ផងដែរ។
ត្រង់ចំណុចនេះ លោកបាន ហ្វា សាលី យល់ឃើញថា បច្ចុប្បន្ននេះ ការធ្វើដំណើររបស់កម្មករនៅមានបញ្ហាធំ មិនមែនតូចទេ គឺក្នុងមួយរថយន្តមានផ្ទុកកម្មករណែនណាន់តាន់តាប់រហូតទៅដល់៧០នាក់ក៏មាន ហើយអ្នកបើកបររថយន្តមិនគោរពច្បាប់ចរាចរណ៍ជាដើម បើទោះបីជាមន្ត្រីក្រសួងការងារ និងសហជីពពន្យល់ណែនាំពួកគាត់ក៏ដោយ។
លោកបានបញ្ជាក់ដូច្នេះ «ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកបើកបររថយន្ត គួរទៅរៀនបើកបរឡើងវិញ និងទី២ ស្នើសុំឱ្យមានការពិនិត្យអ្នកបើកបរ ដែលប្រើប្រាស់គ្រឿងញៀន ពោលគឺធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពដល់កម្មករ»។
លោកប្រធានសហជីព ក៏បានអំពាវនាវរាជរដ្ឋាភិបាលធ្វើយ៉ាងណាឱ្យមានរថយន្តក្រុងដឹកកម្មករនៅតាមបណ្តាលខេត្តទូទាំងប្រទេសផងដែរ ដើម្បីធានាដល់សុវត្ថិភាពការធ្វើដំណើររបស់កម្មករ និយោជិត។
សូមជម្រាបថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបន្តកិច្ចប្រជុំលើកទី៣ ដើម្បីបន្តពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ កាត់ដេរ ផលិតផលស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូបសម្រាប់ឆ្នាំ២០២៤។
កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមាលើកទី៣នេះ បានដឹកនាំដោយលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមានការចូលរួមពីភាគីសហជីព តំណាងឱ្យកម្មករ និយោជិត ភាគីនិយោជក រួមនឹងភាគីរាជរដ្ឋាភិបាល។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបានឱ្យដឹងថា ជាលទ្ធផលតំណាងភាគីកម្មករ និយោជិត បានលើកឡើងតួលេខចំនួន ២១៥ដុល្លារអាម៉េរិក និង តំណាងភាគីនិយោជក បានលើកឡើងតួលេខចំនួន ២០១ដុល្លារអាម៉េរិក។
អង្គប្រជុំ ក៏បានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀតនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីមានប្រសាសន៍ថា ក្រសួងនឹងខិតខំចេញតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤ ឱ្យបានមុនបុណ្យភ្ជុំបិណ្ឌ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនកម្មករ និយោជិត៕