(រតនគិរី)៖ អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពក្រុងបានលុង បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរី នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ យ៉ាងខ្លីថា លោកនឹងឲ្យអាជ្ញាធរចុះត្រួតពិនិត្យកន្លែងល្បែង ស៊ីសងទាំអស់។
លោកថា «ករណីល្បែងស៊ីសងអាចបើកធ្វើអាជីវកម្មបាន លុះត្រាតែមានអាជ្ញាប័ណ្ណពីក្រសួងស្ថាប័នពាក់ព័ន្ធប៉ុណ្ណោះ»។
បើតាមសមត្ថកិច្ចមូលដ្ឋានក្រុងបានលុងខ្លះ បានលួចបង្ហើបឲ្យដឹងថា ល្បែងស៊ីសងរាល់ថ្ងៃដែលកំពុងពង្វក់ប្រជាពលរដ្ឋ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្សមួយចំនួនមានដូចជា៖ ឆ្នោតវៀតណាម ភ្នាល់បាល់ទាត់ ឡូតូ យូគី អាប៉ោង មាន់ជល់ក្នុងទូរទស្សន៍អនឡាញជាង១០០កន្លែង ដាក់ពង្រាយបណ្តាក់គ្នាតាមហាងកាហ្វេគុយទាវ កន្លែងលក់ចាបហ៊ួយ តារាងបាល់ ក្បែរសាលារៀន ក្បែរមន្ទីរពេទ្យ ក្បែរមន្ទីរអង្គភាពរដ្ឋមួយចំនួន ដែលបណ្តាឲ្យប៉ះពាល់ ខូចខាតទ្រព្យសម្បត្តិ ចោរលួច ចោរឆក់ និងអំពើហិង្សាយ៉ាងធ្ងន់ធ្ងរ។
បើតាមសេចក្តីរាយការណ៍ទាំងនេះ ល្បែងស៊ីសងខាងលើនេះ វាប៉ះពាល់ដល់សិស្សានុសិស្សដែលកំពុងសិក្សា ហើយគេចសាលារៀនដែលវក់វ៉ីនឹងល្បែងមិនទាន់ចេះរកលុយ ខ្លះលួចទ្រព្យសម្បត្តិឪពុកម្តាយ យកទូរស័ព្ទយកម៉ូតូ ទៅបញ្ចាំលេងល្បែង ខូចអនាគតជាទំពាំងស្នងឫស្សី ហើយមួយរយៈមកនេះ ក្រុងបានលុង ជាបេះដូងខេត្តរតនគិរី ដែលធ្លាប់មានសុខសុវត្ថិភាពល្អ បែរជាមានក្រុមចោរឆក់ ចោរកម្មកើតឡើងជាច្រើនករណី។
ជាមួយនឹងសកម្មភាពល្បែងស៊ីសងរីកដូចផ្សិតខាងលើនេះ ប្រជាពលរដ្ឋ និងមន្ត្រីរាជការសូមឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធជួយបង្ក្រាបដើម្បីសេចក្តីសុខជូនពួកគាត់ផង៕