(ព្រះវិហារ)៖ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួល មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានរៀបចំជួសជុលលើកកម្រិតគុណណាត់ផ្លូវជាតិលេខ៩៥ ចន្លោះគីឡូម៉ែត្រ១៧+០០០ ដល់គីឡូម៉ែត្រ២០+៣៤០ មានប្រវែង ៣ ៣១០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រស្រុកជ័យសែន ខេត្តព្រះវិហារ ពីផ្លូវក្រាលគ្រួសក្រហម ទៅជាផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង (DBST)។

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះថា ផ្លូវគ្រួសក្រហមជាង ៣គីឡូម៉ែត្រខាងលើនេះមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត នឹងរៀបចំចាក់ជាប្រភេទផ្លូវ DBST ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរបស់ប្រជាពលរដ្ឋមានភាពកាន់តែងាយស្រួលបន្ថែមទៀត។

លោក សំ លាងទ្រី បានថ្លែងបញ្ជាក់ទៀតថា ក្រោមការណែនាំពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ មន្ទីរបានយកចិត្តទុកដាក់ ថែទាំជួសជុលផ្លូវដែលគ្រប់គ្រងដោយមន្ទីរដោយមិនឱ្យមានគ្រលុក សំបុកមាន់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលនានា របស់ប្រជាពលរដ្ឋមានភាពងាយស្រួល។

លោក សំ លាងទ្រី ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវថ្នល់ដើម្បីទុកជាប្រយោជន៍ឱ្យការប្រើប្រាស់បានយូរអង្វែង ដោយបញ្ឈប់នូវការដឹកជញ្ជូនទំនិញគ្រប់ប្រភេទលើសទម្ងន់កំណត់ កុំយកចំណីផ្លូវធ្វើអាជីវកម្ម កុំចាក់ដីខ្ពស់ជាងផ្លូវ និងត្រូវចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕