(ភ្នំពេញ)៖ ក្រោមការគាំទ្ររបស់ទីភ្នាក់ងារជំនួយអាមេរិក (USAID) គម្រោងសហគ្រិននារីសកម្មរបស់អង្គការផេកកម្ពុជា បានរៀបចំវេទិកា «សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» ដែលផ្តោតលើលទ្ធភាពក្នុងការទទួលបានព័ត៌មានផ្នែកច្បាប់ទាក់ទងនឹងការប្រកបអាជីវកម្ម លទ្ធភាពទទួលបានចំណែកទីផ្សារ និងលទ្ធភាពទទួលបានហរិញ្ញប្បទាន ដែលជាកាតាលីករដ៏សំខាន់ការបង្កើនការរីកលូតលាស់នៃអាជីវកម្មខ្នាតមីក្រូ តូចនិងមធ្យមរបស់សហគ្រិនស្រ្តី។ វេទិកាសហគ្រិនភាពដ៏មហស្ចារ្យនេះ បានប្រព្រឹត្តទៅនាថ្ងៃទី១-២ ខែកញ្ញា ឆ្នាំ២០២៣នេះ។

លោកស្រី សាប៊ីន យ៉ៅគ្គឺស នាយិកាប្រចាំប្រទេសនៃអង្គការផេកកម្ពុជា និងជាប្រធានគម្រោងសហគ្រិននារីសកម្ម បានថ្លែងថា គម្រោងសហគ្រិននារីសកម្មតែងតែប្តេជ្ញា និងធ្វើការយ៉ាងសកម្មក្នុងការបង្កើតនូវប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា ដើម្បីជំរុញវិសាលភាពជូនដល់សហគ្រិនស្រ្តី។ លោកស្រីថា វេទិកាសហគ្រិនភាពនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់យើង ក្នុងការផ្តល់សិទ្ធិអំណាចដល់សហគ្រិនស្ត្រី ដោយអនុញ្ញាតឱ្យពួកគាត់ទទួលបានព័ត៌មានកាន់តែប្រសើរ និងទូលំទូលាយអំពីសិទ្ធិក្នុងការប្រកបអាជីវកម្ម ក៏ដូចជាការទទួលបានចំណេះដឹងសំខាន់ៗ និងការបង្កើតបណ្តាញដែលនឹងរួមចំណែកដល់ការអភិវឌ្ឍនៃអាជីវកម្មរបស់ពួកគាត់។

វេទិកាសហគ្រិនភាពដ៏មហស្ចារ្យនេះ បានរៀបចំឡើងក្រោមកិច្ចសហការយ៉ាងជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធចម្បងៗមួយចំនួន រួមមាន៖ ក្រសួងកិច្ចការនារី ក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ធនាគារជាតិនៃកម្ពុជា អគ្គនាយកដ្ឋានពន្ធដារ ការិយាល័យច្រកចេញចូលតែមួយ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» ក៏ដូចជាសមាគមហិរញ្ញវត្ថុមួយចំនួនដូចជា៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះ កម្មវិធីសហគ្រិនភាពនេះ ក៏ទទួលបានការគាំទ្រពីសំណាក់ក្រុមហ៊ុនឯកជនល្បីៗមួយចំនួនផងដែរ ក្នុងនោះមាន៖ ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា និងធនាគារ វីង។

ក្រៅពីនេះយើងបានសហការណ៍ជាមួយអង្គការក្រៅរដ្ឋាភិបាល រួមមាន៖ វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សម្ព័ន្ធអង្គការសម្ព័ន្ធភាពជាដៃគូដើម្បីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ក្រៅពីនេះ ក៏មានការចូលរួមពីសំណាក់ស្ថាប័ន និងភាគីពាក់ព័ន្ធមួយចំនួនក្នុងការពង្រឹងសិទ្ធិអំណាច និងចំណេះដឹងដើម្បីអនុញ្ញាតឲ្យពួកគាត់មានសមត្ថភាព និងធនធានគ្រប់គ្រាន់ក្នុងការប្រកបអាជីវកម្មឲ្យរីកចម្រើនក្នុងទិដ្ឋភាពនៃអាជីវកម្មបែបទំនើប។

តំណាងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» បានសម្តែងនូវចំណាប់អារម្មណ៍ដ៏សាទរថា យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាផ្នែកមួយក្នុងការគាំទ្រប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ កន្លងទៅនេះ តាមរយៈការសម្របសម្រួលរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងកិច្ចសហការយ៉ាងជិតស្និតពីគ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ឱ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន និងសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ដើម្បីសម្រួលនូវដំណើរការនៃការចុះបញ្ជីពាណិជ្ជកម្មឲ្យកាន់តែមានភាពងាយស្រួល និងចំណាយថវិកាតិច។ តាមរយៈកម្មវិធីបច្ចេកវិទ្យារបស់រដ្ឋាភិបាលនេះ យើងសង្ឃឹមថា សហគ្រិនស្រ្តីនៅកម្ពុជាទាំងអស់អាចចាប់ផ្តើមប្រកបអាជីវកម្មស្របទៅតាមច្បាប់ និងប្រកបដោយទំនុកចិត្ត។

ទន្ទឹមនឹងគោលបំណងដ៏មោះមុត ក្នុងការបង្កើតទិដ្ឋភាពនៃសហគ្រិនភាពដែលប្រកបដោយបរិយាប័ន្ន ព្រឹត្តិការណ៍នេះ មានការចូលរួមជាង ៤០០ នាក់ រួមទាំងតំណាងមកពីក្រសួងពាក់ព័ន្ធ ក្រុមហ៊ុនឯកជន អង្គការក្រៅរដ្ឋាភិបាល និងសហគ្រិនស្រ្តីជាច្រើនរូបដែលជាម្ចាស់អាជីវកម្មខ្នាតមីក្រូ តូចនិងមធ្យម ហើយមួយផ្នែកដ៏សំខាន់ទៀតនៃការរំពឹងទុករបស់ព្រឹត្តិការណ៍នោះគឺ ការអញ្ជើញចូលរួមរបស់សាធារណជនជាង ១០០០ នាក់ ក្នុងការទស្សនាពិព័រណ៍ផលិតផលក្នុងស្រុក ដែលដាក់បង្ហាញនៅក្នុងថ្ងៃកម្មវិធី។

កម្មវិធីនេះ បានចាប់ផ្តើមដោយការថ្លែងមតិស្វាគមន៍ ពីសំណាក់លោកស្រី គង់ សូរីតា រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី ក្នុងការពង្រឹងសិទ្ធិអំណាចដល់សហគ្រិនស្រ្តី។

លោក ចាន់ រដ្ឋា នាយកប្រតិបត្តិ និងជាអ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា បានអត្ថាធិប្បាយអំពីភាពជោគជ័យ ដោយលើកឡើងថា មេនូឡាយហ្វ៍ ខេមបូឌា បានចូលរួមចំណែកក្នុងវេទិកាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលផ្តល់ជូនសហគ្រិនស្ត្រីនូវការយល់ដឹង និងយុទ្ធសាស្ត្រផ្នែកហិរញ្ញវត្ថុ។ ប្រការនេះ ជួយរៀបចំយ៉ាងល្អឥតខ្ចោះ ជាមួយរបៀបវារៈផលប៉ះពាល់របស់មេនូឡាយហ្វ៍ ក្នុងការជំរុញឱកាសសេដ្ឋកិច្ចរួម ដើម្បីបង្កើតកន្លែងលេងកាន់តែច្រើនសម្រាប់ទាំងអស់គ្នា និងផ្តល់ឱ្យអ្នកគ្រប់គ្នានូវសមិទ្ធិផល។

លោក ចាន់ រដ្ឋា បន្តថា មេនូឡាយហ្វ៍ ខេមបូឌា ពិតជាមានមោទនភាពយ៉ាងក្រៃលែងដែលបានរួមជាចំណែកក្នុងការគាំទ្រវេទិកានៃការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

វេទិកា «សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» បានរៀបចំនូវកិច្ចពិភាក្សាតុមូលដែលអនុញ្ញាតឲ្យអ្នកចូលរួមទាំងអស់ អាចសាកសួររាល់ចម្ងល់នានា ដែលទាក់ទងនឹងការចុះបញ្ជីអាជីវកម្ម។ ពុំតែដូច្នោះ សិក្ខាកាមទាំងអស់ក៏ទទួលបានឱកាសក្នុងការស្វែងយល់បន្ថែមអំពី៖ លទ្ធភាពទទួលបានចំណែកទីផ្សារ លទ្ធភាទទួលបាមហិរញ្ញប្បទាន លទ្ធភាពទទួលបានព័ត៌មានផ្នែកច្បាប់ (រួមទាំងការចុះឈ្មោះអាជីវកម្មខ្នាតតូច និងមធ្យម) និងលទ្ធភាពទទួលបានកិច្ចគាំពារសង្គម ផងដែរ។

អ្វីដែលកាន់តែគួរឲ្យកត់សម្គាល់នោះគឺ វេទិកានេះ បានរៀបចំឡើងជាមួយនឹងការប្រឹក្សាយោបល់អំពីដំណោះស្រាយអាជីវកម្ម ដែលស្វាគមន៍ឲ្យសិក្ខាកាមលើកបញ្ហាចម្បងដែលរាំងស្ទះការរីកលូតលាស់នៃអាជីកម្មរបស់ពួកគាត់ទៅពិភាក្សាផ្ទាល់ជាមួយអ្នកជំនាញ។ មិនតែប៉ុណ្ណោះសោត វេទិកានេះក៏មានការរៀបចំនូវពិព័រណ៍ផលិតផលក្នុងស្រុកជាង ២០០ ស្តង់ សម្រាប់ឲ្យអ្នកចូលរួម និងសាធារណៈជន ទស្សនាផងដែរ។

លោក ហាន ប៉េងក្វាង នាយកប្រតិបត្តិនៃធនាគារ វីង បានថ្លែងថា ក្នុងនាមជាស្ថាប័នមួយដែលតែងតែគាំទ្រ និងលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ធនាគារ វីង ពិតជាមានកិត្តិយសដែលរួមជាចំណែកក្នុងការគាំទ្រវេទិកានៃការពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏ពិសេសមួយនេះ។ វេទិកានេះ គឺមានភាពប្រទាក់ប្រឡាយ៉ាងស៊ីជម្រៅជាមួយនឹងបេសកកម្មរបស់យើងក្នុងការធានាឲ្យមានលទ្ធភាពក្នុងការទទួលបានហរិញ្ញប្បទានប្រកបដោយតម្លាភាព ដើម្បីបង្កើតកាលានុវត្តភាពដល់សហគ្រិនស្រ្តីនៅកម្ពុជា។

លោកជឿជាក់ថា តាមរយៈវេទិកានេះ យើងនឹងអាចចែករំលែកផលិតផល សេវាកម្ម និងប្រព័ន្ធអេកូឡូស៊ីដែលយើងបានកសាងដើម្បីជាការគាំទ្រដល់សហគ្រិនស្ត្រី និងជួយដល់សហគ្រាសធុនតូច និងមធ្យមឱ្យកាន់តែរីកចម្រើន។

វេទិកា «សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» បានរៀបចំឡើង ក្រោមគោលបំណងបង្កើតនូវឱកាសក្នុងការផ្សាភ្ជាប់បណ្តាញទំនាក់ទំនងជូនដល់សហគ្រិនស្រ្តី ការប្រឹក្សាយោបល់អំពីដំណោះស្រាយអាជីវកម្ម និងការស្វែងយល់ឲ្យកាន់តែស៊ីជម្រៅជំវិញប្រធានបទ ស្តីពី៖

* លទ្ធភាពទទួលបានចំណែកទីផ្សារ៖ វិធីសាស្រ្តក្នុងការប្រកាន់ខ្ជាប់នូវតម្រូវការស្តង់ដារផលិតផលដើម្បីចូលទៅក្នុងខ្សែសង្វាក់លក់រាយរបស់ទីផ្សារទំនើប និងទីផ្សារអនឡាញ និងខ្សែសង្វាក់លក់រាយ តាមប្រព័ន្ធទីផ្សារអេឡិចត្រូនិច។
* លទ្ធភាពទទួលបានហរិញ្ញប្បទាន៖ ហរិញ្ញប្បទានសម្រាប់អាជីកម្មមីក្រូ ធុនតូច និងមធ្យម។
* លទ្ធភាពទទួលបានព័ត៌មានផ្នែកច្បាប់ ស្តីពី ការចុះបញ្ជីអាជីវកម្ម៖ អត្ថប្រយោជន៍នៃការចុះឈ្មោះអាជីវកម្ម សម្រាប់ការទទួលបានចំណែកទីផ្សារ និង ហិរញ្ញប្បទានក្នុងការអភិវឌ្ឍសហគ្រាសរបស់ស្ត្រី ធុនមីក្រូ តូច និង មធ្យម។
* លទ្ធភាពទទួលបានការគាំពារសង្គម៖ ការគាំពារសង្គម ក្នុងការអភិវឌ្ឍសហគ្រាសរបស់ស្ត្រី ធុនមីក្រូ និងអ្នកលក់ដូរតាមដងផ្លូវ

អង្គការផេកកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅសម្រាប់វត្តមាន ពីសំណាក់គណៈធិបតី ភ្ញៀវកិត្តិយស និងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងវេទិកា «សហគ្រិនស្រ្តីក្នុងការអភិវឌ្ឍអាជីវកម្ម និងពិព័រណ៍ពាណិជ្ជកម្មក្នុងស្រុក» ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០១-០២ ខែកញ្ញា កន្លងទៅនេះ។ អង្គការនេះ សង្ឃឹម និងជឿជាក់ថា វេទិកានៃការពង្រឹងបណ្តាញនៃប្រព័ន្ធអេកូឡូស៊ីមួយនេះនឹងផ្តល់ឱកាសដល់អ្នកចូលរួមទាំងអស់គ្នាក្នុងការផ្សាភ្ជាប់បណ្តាញ បង្កើនចំណេះដឹង និងជំរុញការផ្លាស់ប្តូរ ទិដ្ឋភាពនៃការប្រកបអាជីវកម្មប្រកបដោយលទ្ធផលវិជ្ជមាន និងនិរន្តរភាព៕