(ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងទេសចរណ៍ ផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូ ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍ ឱ្យបានទាន់ពេលវេលា។

លោករដ្ឋមន្ត្រីណែនាំយ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិសរុបចំនួនប្រមាណ ៣៥០នាក់ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។

លោករដ្ឋមន្រ្តីបានណែនាំឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ នៃក្រសួងទេសចរណ៍ទាំងអស់ ត្រូវរក្សាឱ្យបាននូវសាមគ្គីភាព និងខិតខំបំពេញការងារ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពការងាររបស់ក្រសួង និងសំដៅសម្រេចឱ្យបាននូវសមិទ្ធផលជាក់ស្តែងនៅក្នុងរយៈពេល១០០ថ្ងៃនេះ ដែលជាពិសេសផ្ដោតសំខាន់ លើការលើកកម្ពស់បរិយាកាសការងារ និងការលើកកម្ពស់សុខុមាលភាពមន្រ្តីរាជការ ក៏ដូចជាការបង្កើនឱកាសទំនាក់ទំនងរវាងមន្រ្តី និងថ្នាក់ដឹកនាំ ព្រមទាំងការជំរុញកិច្ចសហការជាមួយ គ្រប់ភាគីពាក់ព័ន្ធ រួមទាំងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីបានលើកទឹកចិត្តឱ្យមន្រ្តីគ្រប់លំដាប់ថ្នាក់ ចូលរួមចំណែកទាំងអស់គ្នា ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ជាពិសេសត្រូវពង្រឹងសមត្ថភាព ជំនាញ និងទេពកោសលរបស់មន្រ្តី ជំរុញប្រសិទ្ធភាពនៃការប្រើប្រាស់នូវវិធីសាស្រ្ត និងបច្ចេកវិទ្យាទំនើបក្នុងប្រតិបត្តិការការងារ។

លោករដ្ឋមន្រ្តីផ្តោតការយកចិត្តទុកដាក់បន្ថែមលើការពង្រឹង និងពង្រីកភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈការបង្កើនភាពជាដៃគូក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ប្រកបដោយភាពរស់រវើក និងឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍ឱ្យបានទាន់ពេលវេលា។

កិច្ចប្រជុំនេះបានបង្ហាញពីឆន្ទៈក្នុងការដឹកនាំ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា តាមរយៈការជំរុញការអនុវត្ដនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥» និង «អភិវឌ្ឍ៣» ដែលលោករដ្ឋមន្រ្តីបានដាក់ចេញកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ដោយមានចង្កោមការងារអាទិភាពចំនួន៣។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីកិច្ចសន្យាទាំងអស់ដែលបានចូលរួមកិច្ចប្រជុំនេះបានបង្ហាញនូវការគាំទ្រ និងភាពសប្បាយរីករាយប្រកបដោយក្ដីសង្ឃឹមខ្ពស់ចំពោះការដឹកនាំរបស់លោករដ្ឋមន្ត្រី និងបានបង្ហាញពីឆន្ទៈខ្ពស់ក្នុងការចូលរួមសហការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ឱ្យប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕