(ភ្នំពេញ)៖ បង្កើតឡើងនៅឆ្នាំ១៩៩៦ មកដល់ពេលនេះ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) ដែលជាអង្គការជួយកុមារកំព្រា និងក្រីក្រ បាននិងកំពុងផ្តល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងឧបត្ថម្ភអាហារដល់សិស្សក្រីក្រ ជាង៦០០០នាក់ ខណៈអង្គការនេះក៏កំពុងប្រឹងប្រែងរកមូលនិធិ ដើម្បីបន្តសកម្មភាពរបស់ខ្លួន។ បេសកកម្មចម្បងរបស់អង្គការនេះ គឺការជួយកុមារឲ្យឆ្លងផុតពីទុក្ខវេទនា ឆ្ពោះទៅកាន់ការងារអាជីព។
ជាក់ស្តែង អង្គការដើម្បីភាពញញឹមនៃកុមារ នឹងរៀបចំកម្មវិធីរាត្រីខួបកំណើតសប្បុរសធម៌មួយ ដែលជាការប្រារព្ធខួប ៨១ឆ្នាំ របស់ស្ថាបនិកនៃអង្គការដើម្បីភាពញញឹមនៃកុមារ គឺលោកស្រី Marie-France des Pallières (Mamie) នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងគោលបំណងផ្សព្វផ្សាយពីបេសកកម្មរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ទៅកាន់សារធារណជនឲ្យបានកាន់តែទូលំទូលាយ និងដើម្បីស្វែងរកមូលនិធិ។ អង្គការដើម្បីភាពញញឹមនៃកុមារ នឹងបើកទទួលស្វាគមន៍សាធារណជនពីគ្រប់មជ្ឈដ្ឋានទាំងអស់ ធ្វើទស្សនកិច្ចដោយសេរី ចាប់ពីម៉ោង៨ព្រឹករហូត ដល់ម៉ោង៣រសៀល នៅថ្ងៃកម្មវិធី។
លោកស្រី លក្ខិណា នាយិកាអង្គការដើម្បីភាពញញឹមនៃកុមារ បានឲ្យដឹងថា នេះជាអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីជួយកុមារ យុវជន និងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដោយផ្តោតសំខាន់លើការផ្តល់អាហារ ការព្យាបាល ការការពារនិងស្នាក់នៅ ការអប់រំចំណេះទូទៅ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយឧបត្ថម្ភដល់ក្រុមគ្រួសារ និងជួយសម្របសម្រួលរកការងារមួយដ៏សមរម្យសម្រាប់ពួកគេ។
លោកស្រីបន្តថា «សព្វថ្ងៃនេះ អង្គការកំពុងផ្តល់ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងឧបត្ថម្ភអាហារដល់សិស្សក្រីក្រចំនួន ៦៥០០នាក់ ទាំងនៅក្នុងមណ្ឌលភ្នំពេញ និងនៅតាមសាលារដ្ឋមួយចំនួនទៀត ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ដែលក្នុងនោះមានសិស្សប្រមាណ ៤៥០០នាក់ បានរៀនចប់ និងកំពុងបម្រើការក្នុងទីផ្សារការងារ។ ក្នុងនោះ ខ្ញុំផ្ទាល់ ក៏ជាអតីតសិស្សរបស់អង្គការដើម្បីភាពញញឹមនៃកុមារម្នាក់ដែរ»។
ជាការឆ្លើយតបទៅនឹងតម្រូវការរបស់អង្គការដើម្បីភាពញញឹមនៃកុមារ ក៏ដូចជាកូនៗទាំងអស់ កាលពីខែមីនាកន្លងទៅ គណៈគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ បានបង្កើតនូវយុទ្ធនាការរៃអង្គាសថវិកាចំនួនពីរ គឺយុទ្ធនាការស្វែងរកជំនួយក្នុងការផ្គត់ផ្គង់អាហារ និង យុទ្ធនាការស្វែងរកសម្ភារសិក្សា។
ជារៀងរាល់ថ្ងៃអង្គការដើម្បីភាពញញឹមនៃកុមារ តែងតែផ្ដល់អាហារជាង ៧០០០ចានក្នុងមួយថ្ងៃ ដល់កុមារក្រីក្រដែលកំពុងសិក្សា និងស្នាក់នៅក្នុងអង្គការ ដោយផ្តល់ជូននូវអាហារពេលព្រឹក ពេលថ្ងៃ និងពេលល្ងាច។ អាហារមួយចាន មានតម្លៃត្រឹមតែ២ ០០០រៀលដែលសប្បុរសជនអាចចូលរួមបរិច្ចាគជាគ្រឿងឧបភោគ បរិភោគ ឬថវិកាសម្រាប់រៀងរាល់សប្ដាហ៍ ខែ ឆ្នាំ ឬបរិច្ចាគជាកញ្ចប់សម្រាប់អាហារ ៥០ចាន ២០០ចាន ៣០០ចាន ឬតាមលទ្ធភាព។ ដោយឡែក សម្រាប់យុទ្ធនាការស្វែងរកសម្ភារសិក្សាសប្បុរសជនទាំងអស់ ក៏អាចចូលរួមតាមលទ្ធភាពជា កាតាប ឯកសណ្ឋានសិក្សា ប៊ិច សៀវភៅ...។ល។ ឬឧបត្ថម្ភជាកញ្ចប់សម្រាប់ សិស្សម្នាក់ ពីរនាក់ បីនាក់ ឬតាមលទ្ធភាព ដោយសម្ភារសិក្សា១កញ្ចប់ មានតម្លៃ ២៣ដុល្លា ឬស្មើនឹង ៩២០០០រៀល ដែលសិស្សអាចប្រើប្រាស់បានរយៈពេលពេញ១ឆ្នាំ។
«តាមរយៈយុទ្ធនាការទាំង២ខាងលើ យើងទទួលបានការឧបត្ថម្ភគាំទ្រខ្លះរួចមកហើយ ពីសំណាក់សប្បុរសជន។ យើងពិតជាមានមោទនភាព និងការដឹងគុណចំពោះសប្បុរសជនទាំងអស់ ដែលបានចូលរួមកន្លងមក ហើយយើងជឿជាក់ថា វប្បធម៌ចែករំលែក និងការជួយគ្នា គឺជាស្មារតីនៃជនជាតិខ្មែរយើង។ ហេតុដូចនេះហើយ ទើបមានការរៀបចំឲ្យមានសន្និសីទសារព័ត៌មានថ្ងៃនេះ ដើម្បីធ្វើការផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ដល់ប្រជាជនកម្ពុជាគ្រប់ស្រទាប់វណ្ណៈឲ្យបានស្គាល់ នឹងដឹងពីតម្រូវការរបស់យើង»។ នេះបើតាមលោកស្រី លក្ខិណា។
លោកស្រី បានថ្លែងអំណរគុណដល់កាសហការឧបត្ថម្ភពីក្រុមហ៊ុនដៃគូធំៗ ក្នុងប្រទេសកម្ពុជាជាច្រើន ដែលក្នុងនោះមានដូចជា ក្រុមហ៊ុនភេសជ្ជៈហនុមាន ក្រុមហ៊ុនទឹកបរិសុទ្ធអូគូលែន ក្រុមហ៊ុនវ៉េស្ទឡាញន៍អេឌ្យូខេសិនគ្រុប ក្រុមហ៊ុនលីហួលីស៊ីង ក្រុមហ៊ុនតាលីយ៉ាស ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ សណ្ឋាគារសូហ្វីតែលភ្នំពេញ និងមន្ទីរសម្រាកព្យាបាលកម្ពុជា ដែលបានជួយសម្រាប់ព្រឹត្តិការណ៍រាត្រីខួបកំណើតសប្បុរសធម៌។
តម្លាភាពពិតជាមានសារៈសំខាន់ ហើយតម្លាភាពក៏ជាគុណតម្លៃស្នូលនៃអង្គការ ប៉េ អេស អឺ ផងដែរ ដូច្នេះថវិកាសម្រាប់ចំណាយ និងដំណើរការអង្គការទាំងស្រុងត្រូវបានចងក្រងជាឯកសារដែលសាធារណៈជនទូទៅអាចចូលទៅពិនិត្យបានលើគេហទំព័រផ្លូវការតាមរយៈតំណរភ្ជាប់នេះ https://www.pse.ngo/