(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងសហការី ព្រមទាំង ព្រះសង្ឃផងនោះ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ បាននិមន្ត និងអញ្ជើញប្រគល់ផ្ទះមនុស្សធម៌ ទី១៥ និងទី១៦ នៅទីតាំង២ កន្លែងផ្សេងគ្នា ជូនពលរដ្ឋទ័លលំបាក២គ្រួសារ ដោយ១គ្រួសារ ស្ថិតក្នុងភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម និង១គ្រួសារទៀត ក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស។
បើតាមលោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឲ្យដឹងថា គ្រួសារទី១៖ ឈ្មោះ ញ៉ិល សុខនី អាយុ ៤៩ឆ្នាំ រស់នៅ ភូមិគគរ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីឈ្មោះ ស្រឿន សារិន អាយុ៥១ឆ្នាំ ជាជនពិកាភ្នែក និងជើង មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង ដោយរស់នៅពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ ក្រ ២ គួបផ្សំចំណូលតិចតួច ដែលបានពីប្រពន្ធ ដើរស៊ីឈ្នួលបោកខោអាវតាមផ្ទះអ្នកស្រុក។ ពួកគាត់រស់នៅ ក្នុងផ្ទះចាស់ទ្រុឌទ្រោម ដំបូលជញ្ជាំងធ្លុះធ្លាយ ហើយពិបាកជ្រក ពេលភ្លៀងម្តងៗ។
ចំណែកគ្រួសារទី២៖ ឈ្មោះ ឡុំ ស្រីតូច រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី១នាក់ អាយុ៣ឆ្នាំ ដោយរស់នៅ ពឹងផ្អែកលើសប្បុរសជន អ្នកជិតខាង រួមជាមួយការឧបត្ថម្ភរបស់អាជ្ញាធរភូមិឃុំ និងការជួយពីរាជរដ្ឋាភិបាល តាមរយៈប័ណ្ណសមធម៌ ក្រ១ ផងដែរ។ ហើយស្រ្តីមេម៉ាយទុរគតនេះ មានតែកូនខ្ទមតូចផ្ទាល់ដី ដែលរដ្ឋបាលឃុំ ផ្តល់ឲ្យលើដីកេរ្តិ៍ទំហំ ៨ម៉ែត្រ គុណ១២ម៉ែត្រ ក្នុងភូមិខាងលើ។
លោក ទូច ឆៃ បន្តថា ដោយមើលឃើញពីស្ថានភាពលំបាកនេះ ទើបលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ផ្ទះឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម៉ែត្រ គុណ ៦ម៉ែត្រ) ជូន ២គ្រួសារនេះ ដែល១ខ្នង មានតម្លៃប្រមាណ១០,០០០,០០០ រៀល ជាថវិកាបដិភាគ របស់សាខាសាលាគណខេត្រ អនុសាខាស្រុក សាលាអនុគណ ចៅអធិការវត្តទូទាំងស្រុកកំពង់សៀម-ស្រុកកងមាស និងសប្បុរសជន ជូនក្រុមគ្រួសារ និងក្មួយស្រី ឡុំ ស្រីតូច សម្រាប់ស្នាក់នៅជាកម្មសិទ្ធិតទៅ។
ជាមួយគ្នានោះដែរ ដើម្បីជួយសម្រាលជីវភាពរស់នៅ លោក អ៊ុន ចាន់ដា បានផ្តល់សម្ភារ គ្រឿងឧបភោគ បរិភោគ ជូនគ្រួសារទាំង២ សម្រាប់សង្កត់ផ្ទះថ្មីនេះ ដោយក្នុង១គ្រួសារ ទទួលបានអង្ករ៥០គីឡូក្រាម, ត្រីខ២០កំប៉ុង, ទឹកត្រី១២ដប ទឹកស៊ីអ៊ីវ១២ដប, មី ២កេស, ឃីត ២សម្រាប់ អាវយឺត១២, សាប៊ូ ដុំសម្ភារផ្ទះបាយមួយចំនួន និងថវិកា២០០,០០០រៀល។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង ២ខ្នងនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ ត្រីខ ឃីត មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង ថវិកាចំនួន ២០,០០០រៀល ផងដែរ៕