(ភ្នំពេញ)៖ យុវជន៣នាក់ ដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈរំខាន និងអាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ត្រូវបានកម្លាំងនគរបាលខណ្ឌច្បារអំពៅឃាត់ខ្លួន ធ្វើការអប់រំណែនាំ និងចាប់ដោះកង់មុខចេញហើយឲ្យម្ចាស់ ម៉ូតូកាន់កង់មុខ លោតជុំវិញដងទង់ជាតិ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចផ្លូវបេតុង ស្ថិតក្នុងភូមិបឹងស្នោ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។
យុជនទាំង៣នាក់ រួមមាន៖ ទី១៖ឈ្មោះ គូ សារ៉ាន់ អាយុ២១ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ៣ ជិះម៉ូតូម៉ាក Honda Dream C125 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1JV-0743, ទី២៖ឈ្មោះ កីម កុលបុត្រ អាយុ១៧ឆ្ ស្នាក់ នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ និងទី៣៖ឈ្មោះ នួន ឧត្តម អាយុ១៧ឆ្នាំ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ជិះម៉ូតូ១គ្រឿង ឌុបគ្នា ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល1P-7585។
លោកវរសេនីយ៍ឯក ម៉ៅ សឿត បានឲ្យដឹងថា ក្រោយសមត្ថកិច្ចចាប់បានឥឡូវម៉ូតូទាំង២គ្រឿង ត្រូវបានដោះកង់មុខចេញឲ្យម្ចាស់ម៉ូតូកាន់កង់លោតជុំវិញដងទង់ជាតិ និងនិយាយពីកំហុសឆ្គងរបស់ខ្លួន ហើយស្រែកខ្លាំងៗ ប្រាប់ទៅយុវជនដទៃទៀត «កុំឲ្យធ្វើដូចខ្ញុំ»។ យុវជនទាំង៣នាក់ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្នដើម្បីធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យា និងឲ្យអាណាព្យាបាលមកផ្តិតមេដៃធានាយកកូន និងម៉ូតូទៅវិញ៕