(ភ្នំពេញ)៖ តាមរយៈការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹក និងឧតុនិយម ភាគីកម្ពុជាបានស្នើដល់ភាគីជប៉ុនឱ្យជួយលើគម្រោងចំនួន៣បន្ថែមទៀត ដើម្បីជំរុញឱ្យវិស័យធនធានទឹក និងឧតុនិយមនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។
ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាមួយលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោក SANUI Kazumasa ប្រធាន JICA ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣។
នាឱកាសនោះ លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុន ដែលបានធ្វើកិច្ចសហប្រតិបតិ្តការយ៉ាងល្អនាពេលកន្លងមក និងបានរំឭកឡើងថាចាប់តាំងពីឆ្នាំ១៩៩៣រហូតមក តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រទេសជប៉ុនបានជួយគាំទ្រលើការគ្រប់គ្រង និងការអភិវឌ្ឍវិស័យធនធានទឹកជាបន្តបន្ទាប់ តាមរយៈគម្រោងជំនួយឥតសំណងគម្រោងជំនួយកិច្ចសហការបច្ចេកទេស ការផ្ដល់ជំនាញការបច្ចេកទេស ការបណ្តុះបណ្តាលក្នុងនិងក្រៅប្រទេស និងគម្រោងហិរញ្ញប្បទានសម្បទានជាដើម។
សូមបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន ក្រសួងធនធានទឹក និងឧតុនិយមកំពុងដំណើរការអនុវត្តគម្រោងរៀបចំស្ដង់ដាជាតិប្រព័ន្ធធារាសាស្ត្រ ដែលបានចាប់ផ្ដើមសកម្មភាពកាលពីឆ្នាំ២០២២ និងបញ្ចប់នៅឆ្នាំ២០២៤ និងគម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ ដែលចាប់ដំណើរការសាងសង់ឆ្នាំ២០២៣ និងបញ្ចប់ឆ្នាំ២០២៦។
ក្នុងជំនួបពិភាក្សានេះ ភាគីកម្ពុជាបានសំណូមពរដល់ភាគីជប៉ុន ដូចជា៖
ទី១. ជួយសិក្សានិងផ្តល់ហិរញ្ញប្បទានសម្បទានសម្រាប់គម្រោងស្នើសុំថ្មី «គម្រោងការពារទឹកជំនន់ កែលម្អ និងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅកម្ពុជា (Flood Control, Irrigation and Drainage Rehabilitation and Improvement Project in Cambodia)។
ទី២. ផ្ដល់គ្រឿងចក្រធុនធ្ងន់សម្រាប់បម្រើដល់ការងារសាងសង់ និងជួសជុលប្រព័ន្ធធារាសាស្ត្រ និងសម្រាប់អន្តរាគមន៍ពេលមានគ្រោះមហន្តរាយបង្កឡើងដោយធម្មជាតិនានា ដូចជា គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។
ទី៣. ជួយបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសបន្ថែមលើការងារគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក។
ជាមួយគ្នានេះ ភាគីជប៉ុនក៏បានសំណូមពរឱ្យក្រសួងធនធានទឹក និងឧតុនិយមរៀបចំប្រារព្ធពិធីបើកការដ្ឋានសាងសង់គម្រោងស្ដារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកប៉ែកនិរតីរាជធានីភ្នំពេញ (CP-P14) ដើម្បីបង្ហាញពីសមិទ្ធផលថ្មីនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុនរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។
ភាគីកម្ពុជា-ជប៉ុនបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរថែមទៀតលើវិស័យធនធានទឹក ដើម្បីធ្វើឱ្យវិស័យនេះកាន់តែមានការវិវឌ្ឍរីកចម្រើនសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត។
គួររំឭកថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងជប៉ុន។ បើគិតចាប់តាំងពីឆ្នាំ១៩៥៣មក ប្រទេសទាំងពីរបានកសាងទំនាក់ទំនងប្រកបដោយការជឿទុកចិត្តនិងរឹងមាំ តាមរយៈកិច្ចសហប្រតិបត្តិការក្នុងអំឡុងពេលនៃដំណើរការរៀបចំសន្តិភាព និងរយៈពេលនៃការកសាងប្រទេសឡើងវិញនៅកម្ពុជា។ កម្រិតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរបានឈានឡើងពីកម្រិតដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣ មកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ២០២៣៕