(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរជូនចំពោះ លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមបំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី» កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងសារលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបញ្ជាក់ថា «ការប្រោសព្រះរាជទាននូវគោរមងារ ជា សម្តេចមហារដ្ឋសភាធិការធិបតី គឺពិតជាមហាកិត្តិយសដ៏ថ្លៃថ្លា និងពិតជាស័ក្តិសមជាទីបំផុត ចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ដែលជាប្រមុខដឹកនាំដ៏ឆ្នើមរបស់ស្ថាប័ននីតិប្បញ្ញត្តិ ពោរពេញទៅដោយចំណេះដឹងជ្រៅជ្រះ មានសមត្ថភាពខ្ពស់ ក្នុងការដឹកនាំកសាងនូវប្រព័ន្ធច្បាប់កម្ពុជា ប្រកបដោយការទទួលខុសត្រូវខ្ពស់ពង្រឹងលទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងមានកិច្ចសហប្រតិបត្តិការក្នុង និងក្រៅប្រទេសរឹងមាំ ដែលជាមូលដ្ឋានគ្រឹះយ៉ាងសំខាន់ក្នុងការធានាថែរក្សាសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់សង្គម និងបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ ជាពិសេស ក្នុងការបន្តធានាការពារឯករាជ្យជាតិ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញនៅកម្ពុជា ដើម្បីបម្រើឧត្តមប្រយោជន៍ ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ តេជះបារមីនៃវត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក សូមជួយបីបាច់ថែរក្សាអភិបាលប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ជូន សម្តេចមហារដ្ឋសភាធិការធិបតី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតអបអរសាទររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖