(ព្រៃវែង)៖ ក្មេងស្រីកំព្រាម្នាក់ត្រូវ បុរសចំណាស់ចិត្តតិរច្ឆានចាប់រំលោភ ខណៈអ៊ំស្រីសង្ស័យ យកក្មេងស្រីរងគ្រោះទៅឆ្លុះអេកូ ទើបបែកធ្លាយមានផ្ទៃពោះ៥ខែ ប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនតែម្តង។

សមត្ថកិច្ចស្រុកស៊ីធរកណ្ដាល បានឲ្យដឹងថា ជនសង្ស័យ ដែលចាប់រំលោភក្មេងស្រី រហូតមានផ្ទៃពោះ៥ខែនេះ មានឈ្មោះ ដន រុំ អាយុ៥៧ឆ្នាំ មានទីលំនៅភូមិ ព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃដើមថ្នឹងទី៤ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ចំណែកក្មេងស្រីរងគ្រោះ មានឈ្មោះ ខ.ស.ផ អាយុ១៤ឆ្នាំ ត្រូវបានជនសង្ស័យចាប់រំលោភ បានសម្រេចចំនួន៥ដង នៅចំណុចវាលគុមឬស្សីក្រោយផ្ទះ និងក្រោមផ្ទះ រហូតមានផ្ទៃពោះចំនួន៥ខែ ពេលម្តាយធំយកទៅឆ្លុះអេកូ។

មូលហេតុ ជនរងគ្រោះជាកូនកំព្រា រស់នៅជាមួយជនសង្ស័យខាងលើ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋានស្រុកស៊ីធរកណ្ដាល ដើម្បីចាត់ការតាមផ្លូវច្បាប់៕