(បន្ទាយមានជ័យ)៖ លោក អ៊ុំ​ រាត្រី​ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣​ បានអញ្ជើញសំណេះសំណាល និងថ្លែងអំណរគុណក្រុមការងារ និងតំណាងសមាជិក សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុកជាង ២០០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់​លោក​ បោន​ ប៊ិន​ សមាជិកអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ​ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកភ្នំស្រុកលោក លោកស្រី អនុប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកភ្នំស្រុក​ ក្រុមការងារចុះឃុំ​ និងភូមិជាង ២០០០នាក់​។ ពិធីនេះធ្វើឡើងនៅភោជនីយដ្ឋាន​ លី​ គ្រុះ​ ស្ថិតក្នុងភូមិមាត់ស្រះ​ ឃុំស្រះជីក​ ស្រុកភ្នំស្រុក​ ខេត្តបន្ទាយមានមានជ័យ។

លោក អ៊ុំ​ រាត្រី​ បានថ្លែងអំណរគុណសមាជិក សមាជិកា​ គណបក្សប្រជាជនកម្ពុជា​ ស្រុកភ្នំស្រុកទាំងអស់​ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ រហូតទទួលបានជ័យជម្នះ​ ជាពិសេសគាំទ្រ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី នីតិកាលទី៧។

លោក អ៊ុំ​ រាត្រី បានបញ្ជាក់ថា​ ការបោះឆ្នោតកាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ជាការបោះឆ្នោតមួយដែលមានលក្ខណៈសេរីយុត្តិធម៌, ត្រឹមត្រូវ និងមានតម្លាភាព ដោយមានប្រជាពលរដ្ឋចូលរួមរហូតជាង ៨លាន ២សែននាក់​ ប្រមាណ ៨៤,៥៩% នៃចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត របស់ គ.ជ.ប ហើយក្នុងនេះសម្លេងឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា មានរហូតដល់ទៅប្រមាណ ៨២,៣% ។

លោកបានបញ្ជាក់ថា​ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី​ ដែលមានសម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ ជានាយករដ្ឋមន្ត្រី​ នីតិកាលទី៧នេះ​ បានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ៥យ៉ាង របស់រាជរដ្ឋាភិបាល ជូនដល់ បងប្អូនជនរួមជាតិយើងទាំងអស់ តាមរយៈការដឹកនាំអនុវត្ត «កម្មវិធីនយោបាយ» នេះសម្រាប់ដំណើរទៅមុខរបស់កម្ពុជា នឹងដាក់ចេញ ព្រមទាំងជំរុញអនុវត្តឱ្យបានជោគជ័យ នូវ «យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី១» សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលនាឱកាសនោះ លោកក៏បានអញ្ជើញពិសារ​ អាហារស្និតស្នាលជាមួយសមាជិក សមាជិកា ប្រកបដោយក្តីសប្បាយរីករាយផងដែរ៕