(កណ្ដាល)៖ ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល, នគរបាលក្រុងតាខ្មៅ ដឹកនាំផ្ទាល់ដោយលោក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានចេញកម្លាំងស្រាវជ្រាវចាប់បាន ក្មេងស្ទាវ២នាក់ ក្នុងចំណោមបក្ខពួក ២ក្រុមគ្នា១៥នាក់ ដែលបានបើកឆាកគប់ និងវាយប្រហារគ្នានាពេលកន្លងទៅ។

បើតាមលោកអធិការ ករណីនេះបានកើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៖២១នាទី រំលងអាធ្រាត្រនៅចំណុចហាងលេងស្នុកឃ័រអតីតរោងកុនភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងចំណោមជនសង្ស័យ១០នាក់ កម្លាំងនគរបាលចាប់បាន២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ គង់ វណ្ណៈ អាយុ២៣ឆ្នាំ មានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ពោត។
*ទី២៖ ឈ្មោះ ឆាំ វណ្ណដា ហៅប៊ូម អាយុ៣១ឆ្នាំ មានទីលំនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ។

ដោយវត្ថុតាងចាប់យក រួមមាន៖

*១៖ រថយន្តមួយគ្រឿងម៉ាក toyota prius ពណ៌ស ស្លាកលេខ ភ្នំពេញ 2BJ-3207 មានបិតរូបផ្កាយពណ៌ខ្មៅត្រង់គូទខាងក្រោយឆ្វេងដៃ។
*២៖ ម៉ូតូមួយគ្រឿងម៉ាក Honda  c125 ពណ៌ខ្មៅ សេរី២០១៨ ស្លាកលេខ 1Z-8577។
*៣៖ ដុំថ្មមួយចំនួន។
*៤៖ ទូរសព្ទ័០១គ្រឿង ម៉ាក oppo ពណ៌ស។

តាមដំណើររឿង នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៖២១នាទី មានជនសង្ស័យមួយក្រុមមានគ្នាប្រហែល១០នាក់ បាននាំគ្នាអង្គុយផឹកនៅសួនច្បារមាត់ទន្លេតាខ្មៅ ពេលនោះក៏មានយុវជនមួយក្រុមមានគ្នា៥នាក់ ជិះម៉ូតូ៣គ្រឿង បានយកដុំថ្មគប់មកលើក្រុមជនសង្ស័យ។

ពេលនោះក្រុមជនសង្ស័យ ក៏បានបើកម៉ូតូនិងរថយន្តមួយគ្រឿងម៉ាក toyota prius មានបិតរូបផ្កាយខាងក្រោយ ដេញតាមមកដល់មុខកន្លែងបុកស្នុកឃ័រអតីតរោងកុនតាខ្មៅ ក៏ឃើញម៉ូតូ០១គ្រឿងម៉ាក Honda scoopy ពណ៌ស ចតទុកចោល ក៏បាននាំគ្នាយកដុំថ្មគប់ និងវាយម៉ូតូ Honda scoopy ពណ៌ស បណ្តាលឲ្យបែកបាក់អស់មួយចំនួន រួចក៏បាននាំគ្នារត់គេចខ្លួនបាត់អស់ទៅ។ លុះក្រោយមកក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ព្រមទាំងវត្ថុតាងយកមកសាកសួរនៅអធិការដ្ឋាន ដើម្បីចាត់ការតាមនិតិវិធីតែម្តង។

តាមការសាកសួរជនសង្ស័យម្នាក់ឈ្មោះ គង់ វណ្ណៈ បានប្រាប់ថា គាត់ និងបក្ខពួក ពិតជាបានយកដុំថ្មគប់ម៉ូតូរបស់ជនរងគ្រោះបណ្តាលឲ្យបែកបាក់ប្រាកដមែន។ ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ ឆាំ វណ្ណដា ហៅប៊ូម គាត់បានបដិសេធថា គាត់មិនបានយកដុំថ្មគប់ម៉ូតូរបស់ជនរងគ្រោះឡើយ គ្រាន់តែបានចូលរួមផឹកស៊ីជាមួយក្រុមជនសង្ស័យ និងជិះរថយន្តទៅមើលកន្លែងកើតហេតុតែប៉ុណ្ណោះ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕