(ភ្នំពេញ)៖ នាព្រឹកចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្ត ទៅនៅសាធារណរដ្ឋឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣។

ក្នុងកំឡុងពេលនៃទស្សនកិច្ចនេះ អ្នកឧកញ៉ា គិត ម៉េង និងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន កម្មវិធីពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ២០២៣ កិច្ចពិភាក្សាតុមូលចក្រភពអង់គ្លេស-អាស៊ាន កិច្ចពិភាក្សាតុមូលកាណាដា-អាស៊ាន កិច្ចពិភាក្សាតុមូល ស្តីពីកិច្ចព្រៀមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចប្រជុំផ្សេងទៀតពាក់ព័ន្ធនឹងការជំរុញធុរកិច្ច និងវិនិយោគក្នុងតំបន់អាស៊ាន។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់
កម្ពុជា នឹងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គា្ន សម្រាប់ភាពជាដៃគូក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ ធុនតូច និងមធ្យមកម្ពុជា-ហ្វីលីពីន ជាមួយលោក JOSE MA. A CONCEPCION III ប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់
ធុរកិច្ចអាស៊ានសម្រាប់ហ្វីលីពីន។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោក FERDINAND "BONGBONG" ROMUALDEZ MARCOS JR. ប្រធានាធិបតីហ្វីលីពីន។

ក្រៅពីនេះ គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នឹងចូលរួមកិច្ចប្រជុំធុរកិច្ច និងវិនិយោគផ្សេងៗទៀត ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង ក៏ដូចជាការតភ្ជាប់ធុរកិច្ចកម្ពុជានិងបណ្តាប្រទេសអាស៊ាន៕