(ភ្នំពេញ)៖ ក្នុងពិធីសំណេះសំណាលជាមួយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ថ្នាក់ប្រធាននាយកដ្ឋាន នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា សមិទ្ធផលចម្បងៗ ដែលក្រសួងមហាផ្ទៃ ទទួលបានក្នុងរជ្ជកាល សម្ដេចក្រឡាហោម ស ខេង ក្រោមមគ្គទេសក៍សម្ដេចតេជោ ហ៊ុន សែន គឺសុទ្ធតែកើតឡើងពីកម្លាំងរួមទាំងអស់។ ដូច្នេះការថែរក្សាសមិទ្ធផលទាំងនេះទៅមុខ ក៏ត្រូវការកម្លាំងរួម។
ការសម្រេចសមិទ្ធផលថ្មីៗ ចាប់ពីអាណត្តិនេះទៅមុខ ក៏ត្រូវការកម្លាំងរួម មិនអាចខ្វះថ្នាក់ដឹកនាំរូបណាមួយ មន្ត្រីណាម្នាក់ រាប់ចាប់តាំងពីផ្នែកអនាម័យ និងសន្តិសុខ។ ដើម្បីសម្រេចទិសដៅនេះ លោកអភិសន្តិបណ្ឌិត ស សុខា បានទទូចដល់គ្រប់តួអង្គពាក់ព័ន្ធក្រោមដំបូលក្រសួងមហាផ្ទៃ អនុវត្តជាប្រចាំនូវគោលការណ៍គ្រឹះ ចំនួន២ចំណុចធំៗ គឺគោលការណ៍ការងារជាក្រុម និងគោលការណ៍ឋានានុក្រម និងរបបការងាររដ្ឋបាល។
លោកអភិសន្តិបណ្ឌិត បានពន្យល់ដូច្នេះថា៖
*ទី១៖ គោលការណ៍ការងារជាក្រុម (Team Work) ពោលគឺ៖
- យើងទាំងអស់គ្នាត្រូវចាត់ទុកថា ជាសមាជិកគ្រួសារក្រសួងមហាផ្ទៃតែមួយ
- យើងត្រូវប្រកាន់ខ្ជាប់ទស្សនៈ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»
- យើងត្រូវរួមសាមគ្គីគ្នា ទម្លុះគោលដៅរួម ចៀសវាងគិតតែប្រយោជន៍មួយជ្រុងណាមួយ
- យើងត្រូវប្រកាន់យកទស្សនៈ «ដើមឈើមួយដើម ទាល់តែខ្ចីដៃគ្នាឱប ទើបជុំ»
- យើងប្រកាន់ខ្ជាប់នូវព្រហ្មវិហារធម៌ទាំង៤ គឺ មេត្តា ករុណ មុទិតា និងឧបេក្ខា
- ជារួមយើងប្រកាន់ខ្ជាប់ និងប្រតិបត្តិឲ្យជាប់នូវ«អភិក្រមកុំបី,គួរបី,និងគប្បី១»៖ កុំ៣ គឺកុំឈ្លោះគ្នា កុំប៉ែងជើងគ្នា និងកុំច្រណែនគ្នា, គួរ៣ គឺគួរស្រឡាញ់ និងសាមគ្គីគ្នា, គួរជ្រោមជ្រែកគ្នា និងគួរសាទរគ្នា, គប្បី១ គឺគប្បីចាប់ដៃគ្នាឱបដើមឈើមហាផ្ទៃឲ្យជុំ ទើបមានជោគជ័យជានិរន្តន៍។
*ទី២៖ គោលការណ៍ឋានានុក្រម និងរបបការងារ ពោលគឺត្រូវ៖
- បំពេញភារកិច្ចដោយគោរពគ្នា តាមឋានន្តរស័ក្តិ និងតាមមុខតំណែង
- បំពេញភារកិច្ចដោយគោរពតាមរចនាសម្ព័ន្ធអង្គភាព ចៀសវាងការផ្លោះរំលង
- ទាំងការឆ្លងយោបល់ផ្ទាល់មាត់ និងជាពិសេសចរន្ត លិខិតស្នាមត្រូវតែធ្វើតាមឋានានុក្រម
- ជាពិសេស រាល់ការស្នើដំឡើងឋានន្តរស័ក្តិ មុខតំណែង ត្រូវធ្វើតាមឋានានុក្រម ពោលគឺត្រូវឆ្លងកាត់អគ្គនាយកដ្ឋានធនធានមនុស្ស ដែលទើបបង្កើតថ្មី
- តាមអង្គភាពគួររៀបចំធ្វើគំនូសបំព្រួញការងាររដ្ឋបាល (SOP) តាមឋានានុក្រម ពីទាបទៅខ្ពស់តាមលំដាប់លំដោយ ហើយអនុវត្តតាមលំហូរតែមួយនេះ ពន្យល់មន្ត្រី និងដាក់តាំងបង្ហាញឲ្យបានមើលឃើញទាំងអស់គ្នា
- កំណត់របបប្រជុំតាមអង្គភាពនីមួយៗ ប្រចាំសប្ដាហ៍, ប្រចាំខែ, ប្រចាំត្រីមាស ហើយគ្រប់កម្រិតនៃអង្គការចាត់តាំងត្រូវធ្វើរបាយការណ៍ ស្ដីពីលទ្ធផលការងារជាប្រចាំសប្ដាហ៍ ខែ ត្រីមាស
- គប្បីបែងចែកការងារ និងប្រគល់ភារកិច្ចឲ្យមន្ត្រីចូលរួមបំពេញឲ្យបានគ្រប់ៗគ្នា ដោយអ្នកទទួលភារកិច្ច ចាំបាច់ត្រូវអនុវត្ត ដោយពុំគិតថាការងារនោះចូលចិត្ត ឬមិនចូលចិត្តនោះឡើយ។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ សង្កត់ធ្ងន់ក្នុងអង្គពិធីទៀតថា «បន្ថែមលើអ្វីដែលខ្ញុំបានលើកឡើងខាងលើ ដើម្បីឲ្យការងារជាក្រុមជោគជ័យ យើងត្រូវមានភាពស្មោះត្រង់ លះបង់ គោរពវិន័យ កុំមើលបំណាំគ្នា កុំប្រចាំគ្នា កុំសង្ស័យគ្នា ចេះអត់ឱនយោគយល់គ្នា ពេលខ្លះក៏ចេះធ្វើថ្លង់ ធ្វើគរ ធ្វើខ្វាក់ខ្លះ តែក៏ត្រូវចេះជួយកែលម្អគ្នា»។
ជាថ្មីម្ដងទៀត លោកក៏លើកឡើងនូវទិសដៅចម្បងៗ ទាំង៦ចំណុច ដែលក្រសួងមហាផ្ទៃ ពោលគឺ មន្ត្រីគ្រប់លំដាប់ថ្នាក់ត្រូវស្រាក់ដៃគ្នាធ្វើឲ្យសម្រេចបានរួមមាន៖ ១៖ បញ្ហាគ្រឿងញៀន, ២៖ បញ្ហាចរាចរណ៍, ៣៖ បញ្ហាចោរកម្ម និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ, ៤៖ បញ្ហាក្រុមក្មេងទំនើង, ៥៖ បញ្ហាជួញដូរមនុស្សគ្រប់ប្រភេទ និង៦៖ បញ្ហាតាមបណ្ដោយព្រំដែនទាំងគោក និងទឹក។
លោកអភិសន្តិបណ្ឌិត ស សុខា បានអះអាងទៀតថា «ខ្ញុំសូមបញ្ជាក់ជូនដោយស្មោះថា ខ្ញុំមកទីនេះ ពុំមែនមកដើម្បីដាក់សម្ពាធណាមួយលើមន្ត្រីទាំងផ្នែកស៊ីវិល នគរបាល និងពន្ធនាគារនោះទេ។ វត្តមានរបស់ខ្ញុំ ដើម្បីរួមគ្នាជាមួយមន្ត្រីទាំងអស់ ក្នុងទិសដៅជិះទូកតែមួយ ធ្វើឲ្យក្រសួងមហាផ្ទៃ កាន់តែមានកិត្យានុភាព រីកចំរើន រឹងមាំ បានជាឧត្ដមប្រយោជន៍ជូនប្រជាពលរដ្ឋ»៕