(ភ្នំពេញ)៖ បញ្ហាការប្រែប្រួលអាកាសធាតុ បានក្លាយជាប្រធានបទមួយដ៏សំខាន់ ដែលត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗទាំងនៅកម្ពុជា ក៏ដូចជានៅលើពិភពលោក ជាពិសេសក្នុងពេលដែលការប្រែប្រួល អាកាសធាតុបានបង្កនូវមហន្តរាយកាន់តែធំឡើងៗសម្រាប់ភពផែនដី និងមនុស្សជាតិទាំងមូល។

ដើម្បីចូលរួមចំណែកទប់ស្កាត់ការប្រែប្រួលអាកាសធាតុនេះ ក្រសួងបរិស្ថាន, ក្រសួងព័ត៌មាន, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយអង្គការដៃគូ បានអញ្ជើញអ្នកសារព័ត៌មានជាតិជិត៣០នាក់ មកពី ១៧ស្ថាប័ន ឱ្យចូលរួមក្នុងសិក្ខាសាលាស្តីពី «ការបង្កើតទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្ដីពី ការប្រែប្រួលអាកាសធាតុ»។

សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមានលោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន, លោក ប៉ាង ណាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, តំណាងមកពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។

សិក្ខាសាលានេះមានគោលបំណងចំនួន៣រួមមាន៖

ទី១៖ លើកកម្ពស់ និងបង្កើតទំនាក់ទំនងជាមួយអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារព័ត៌មានធ្វើការពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ
ទី២៖ បង្កើនការយល់ដឹងដល់អ្នកជំនាញសារព័ត៌មានក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែមានប្រសិទ្ធភាពទៅដល់សាធារណៈជន និងវិស័យពាក់ព័ន្ធ
និងទី៣៖ ជំរុញឱ្យមានការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ តាមរយៈបណ្តាញប្រព័ន្ធផ្សព្វផ្សាយនានាក៏ដូចជាការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។

សិក្ខាសាលានាថ្ងៃនេះជាផ្នែកមួយនៃគម្រោងស្ដីពី «ការបង្កើតដំណើរការផែនការជាតិបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុជាតិផ្អែកលើភស្តុតាងប្រកបដោយប្រសិទ្ធភាពនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ប្រទេសកម្ពុជាដំណាក់កាលទី១» (Establishing an Evidence-Based National Adaptation Planprocess at National and Subnational Scales In Cambodia Phase I) ineguasmine ហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង-GCFសរុបចំនួន ១,៦០២,០៩៧ដុល្លារអាមេរិក។ គម្រោងនេះនឹងត្រូវអនុវត្តដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុនៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ត ក្នុងរយៈពេល១៨ខែ ចាប់ផ្តើមពីខែមករា ឆ្នាំ២០២៣៕