(ភ្នំពេញ)៖ លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសមួយដែលងាយរងគ្រោះដោយសារការប្រែប្រួលអាកាសធាតុ ហើយជាញឹកញាប់កម្ពុជា បានទទួលរងនូវផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះជាដើម។
លោកបន្តថា ការសិក្សាថ្មីៗនេះបានបង្ហាញថា ការប្រែប្រួលអាកាសធាតុនឹងអាចកាត់បន្ថយផលិតផល ក្នុងស្រុកសរុបចំនួន ២.៥% នៅឆ្នាំ២០៣០ និងរហូតដល់ ៩.៨% នៅឆ្នាំ២០៥០ ទោះបីជាការកើនឡើងសីតុណ្ហភាពសកលនៅក្រោម ២អង្សាសែលស៊ុសក៏ដោយ។
ការលើកឡើងបែបនេះ របស់លោក ភាវ សុវុទ្ធី បានធ្វើឡើងក្នុងសិក្ខាសាលាស្តីពី «ការបង្កើតទំនាក់ទំនងរវាងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានស្ដីពីការប្រែប្រួលអាកាសធាតុ» នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ត្រង់ចំណុចនេះ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបន្ថែមថា អាទិភាពចម្បងរបស់កម្ពុជា គឺការកសាងភាពធន់ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ដើម្បីកាត់បន្ថយនូវផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុលើសុខភាព ហេដ្ឋរចនាសម្ព័ន្ធ និងផលិតភាពកសិកម្មជាដើម។
លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០០០មក រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ និងឈានមុខគេ ក្នុងការអនុវត្តវិធានការបន្សាំនឹងការប្រែប្រួលអាកាសធាតុ និងមានវឌ្ឍនភាពខ្លាំងផ្នែករៀបចំសកម្មភាព និងផែនការដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ជាក់ស្ដែងការប្រែប្រួលអាកាសធាតុនឹងកំពុងត្រូវបានបញ្ជ្រាបទៅក្នុងយុទ្ធសាស្ត្របច្ចកោណដំណាក់កាលទី១ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (NSDP) យុទ្ធសាស្ត្រ និងផែនការសកម្មភាពបរិស្ថានជាតិ (NESAP) ២០១៦-២០២៣ យុទ្ធសាស្ត្រនិងគោលនយោបាយអភិវឌ្ឍន៍ពាក់ព័ន្ធផ្សេងៗ និងជាពិសេសបានធ្វើការបញ្ជ្រាប និងដាក់បញ្ចូលការប្រែប្រួល អាកាសធាតុនៅក្នុងផែនការអភិវឌ្ឍន៍ និងផែនការថវិកាទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ។
មន្ត្រីជាន់រូបនេះ បានបញ្ជាក់ថា ប្រទេសកម្ពុជាក៏បានត្រៀមខ្លួន និងបានរៀបចំនូវក្របខ័ណ្ឌបន្សាំនឹងការប្រែប្រួលអាកាសធាតុដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការរៀបចំដំណើរការផែនការជាតិបន្សាំ (NAP)។ ជាលទ្ធផលប្រទេសកម្ពុជាសម្រេចបាននូវការរៀបចំឯកសារសំខាន់ៗ ចំនួន៣រួមមាន៖ ១៖ ដំណើរការផែនការជាតិបន្សំ ឆ្នាំ២០១៧, ២៖ ក្របខ័ណ្ឌហិរញ្ញប្បទានផែនការជាតិបន្សំ និងផែនការអនុវត្តន៍ឆ្នាំ២០១៧ និង៣៖ យុទ្ធសាស្ត្រទំនាក់ទំនងផែនការជាតិបន្សាំឆ្នាំ២០១៨។ យ៉ាងណាមិញសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុទាមទារឱ្យមានការចូលរួមគាំទ្រពីគ្រប់ដៃគូរបស់យើងផងដែរ៕