(ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ប្រជាពលរដ្ឋ មួយកន្លែង បានឆេះខូចខាតសម្ភារៈផ្ទះអស់ទាំងស្រុង ក្នុងបណ្តាលឲ្យស្ត្រីជាជនពិការម្នាក់ស្លាប់នៅក្នុងផ្ទះ។ ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងនៅវេលាម៉ោង០១៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្លូវព្រៃស ភូមិត្រពាំងចក សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន ស្មេីរនឹង ០៨ម៉ែត្រគូប និងរថយន្តជំនួយមកពីក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មក្រោមឈេីលេី ទំហំ (៧ម៉ែត្រ គុណ ៧ម៉ែត្រ) បានឆេះសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង នឹងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
ចំពោះករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងធ្វើការគ្រប់គ្រងបាននៅវេលាម៉ោង ២និង៥៧នាទីយប់រំលងអាធ្រាត ក្នុងនោះបានបណ្តាលឲ្យស្ត្រីម្នាក់ដែលជាជនពិការបានស្លាប់នៅក្នុងផ្ទះ។ រីឯមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី៕