(ព្រះវិហារ)៖ លោកស្រីកិត្តិនីតីកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ ព្រឹទ្ធសភា អមដំណើរដោយលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា បានដឹកនាំក្រុមការងារចុះសិក្សាស្វែងយល់ពីក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ រសៀលថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ២០២៣។
ការចុះសិក្សាស្វែងយល់នេះ លោកស្រីកិត្តិនីតីកោសលបណ្ឌិត ទី បូរ៉ាស៊ី និងក្រុមការងារ បានចូលទៅអុជធូប ថ្វាយនូវផ្កាឈូកដើម្បីបន់ស្រន់សុំសេចក្តីសុខមានប្រាសាទព្រះចតុម្មុខ ប្រាង្គកណ្តាលប្រាសាទព្រះខ័ន និងប្រាសាទដំរី។
គួរបញ្ជាក់ថា ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយឬប្រាសាទបាកាន មានទីតាំងស្ថិតនៅភូមិបាកាន ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ស្ថិតនៅជិតតំបន់ត្រីកោណព្រំប្រទល់ខេត្តបីគឺ ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ កសាងឡើងនៅក្នុងសម័យអង្គរ ពាក់កណ្តាលសតវត្សរ៍ទី១១ និងដើមសតវត្សរ៍ទី១៤ ហើយប្រាង្គកណ្តាលប្រាសាទព្រះខ័នកសាងឡើងក្នុងពាក់កណ្តាលសតវត្សទី១២ ស្ថិតក្នុងរចនាបថអង្គវត្ត ចំណែកប្រាសាទរណបជុំវិញកសាងឡើងនៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ក្នុងរចនាបថបាយ័ន និងមប្រាសាទមួយទៀត កសាងឡើងនៅក្នុងសតវត្សរ៍ទី១១ សម្រាប់ឧទ្ទិសទៅព្រហ្មញ្ញសាសនា តែសាងសង់មិនទាន់រួចនៅឡើយ ហើយក្រុមប្រាសាទបាកានភាគច្រើន កសាងឡើងសម្រាប់ឧទ្ទិសដល់ព្រះពុទ្ធសាសនា (មហាយាននិងហិនយាន)។
ចំណែកប្រាសាទព្រះចតុម្មុខទម្រង់ជាចម្លាក់ព្រះពុទ្ធរូបទ្រង់ឈរបែរទល់ខ្នងគ្នាទៅទិសទាំង៤ ក្នុងរចនាបថក្រោយបាយ័ន (សិល្បៈលង្វែក) ដែលកម្រនឹងឃើញហើយប្រាសាទនេះ បានដួលរលំអស់ពាក់កណ្តាលតាំងពីយូរណាស់មកហើយ នៅសល់តែត្រឹមចង្កេះចុះមកក្រោមតែប៉ុណ្ណោះ តំណាលក្រោយមកត្រូវជួសជុលឡើងវិញនៅថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨រួចរាល់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៨ ក្រោមការឧបត្ថម្ភគាំទ្រពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្ដេចបណ្ឌិត ម៉ែន សំអន៕