(ភ្នំពេញ)៖ តំណាងប្រជាពលរដ្ឋ, យោធា, សមាគមមួយចំនួន នឹងដាក់ញត្តិទៅស្ថាប័នធំៗដូចជា ព្រឹទ្ធសភា រដ្ឋសភា ស្ថានទូតអូស្រ្តាលី និងក្រសួងការបរទស និងសហប្រតិបត្តិការ នៅថ្ងៃស្អែក ទី០៨ ខែសីហា ឆ្នាំ២០១៦។ ការប្រមូលផ្តុំដាក់ញត្តិនេះ គឺដើម្បីទាមទារឲ្យលោក ហុង លឹម តំណាងរាស្រ្តអូស្រ្តាលី ចេញមុខ សុំទោសប្រជាពលរដ្ឋខ្មែរ ជាសាធារណៈ ក្រោយពីលោកបានប្រើពាក្យសំដីពាល ដោយចាត់ទុករបប នៅកម្ពុជាជា«របបតិរច្ឆាន»។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក ផៃ ស៊ីផាន់ ប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦។
នេះមិនមែនជារឿងថ្មីនោះឡើយ កាលពីពេលថ្មីៗនេះ មានមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អង្គការសង្គមស៊ីវិល យោធា សមាគម និងក្រុមប្រជាពលរដ្ឋ ជាច្រើននាក់ បានចេញលិខិតថ្កោលទោស ជាបន្តបន្ទាប់ទៅលើ លោក ហុង លឹម តំណាងរាស្រ្តអូស្រ្តាលី។ គោលបំណងរបស់ក្រុមប្រជាពលរដ្ឋខាងលើនេះ គឺដើម្បីឲ្យលោក ហុង លឹម តំណាងរាស្រ្តអូស្រ្តាលី សុំទោសជាសាធារណៈចំពោះ ព្រះមហាក្សត្រខ្មែរ ប្រជាពលរដ្ឋកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ជាបន្ទាន់ ក្នុងករណីនេះជាចាំបាច់ ដោយមិនត្រូវគេចវេសឡើយ។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ តំណាងរាស្ត្រអូស្ត្រាលី លោក ហុង លីម បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ លោក ជុន ច័ន្ទបុត្រ នាយកវិទ្យុអាស៊ីសេរី របស់បរទេស ដែលនិយាយជា ខេមរភាសា ដោយដាក់ចំណងជើងថា «តំណាងរាស្ត្រ ខ្មែរ-អូស្ត្រាលី ចាត់ទុករបបនៅកម្ពុជា ជារបបតិរច្ឆាន»។ ការលើកឡើងរបស់លោក ហុង លីម មានការរិះគន់ និងថ្កោលទោសយ៉ាងខ្លាំង ពីមន្រ្តីរាជរដ្ឋាភិបាល សមាគមនានានៅកម្ពុជា និងប្រជាពលរដ្ឋជាដើម៕