(ភ្នំពេញ)៖ លោក សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាងរបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា រួមជាមួយក្រុមការងារបានជួបសំណេះ សំណាល សួរសុខទុក្ខនិងនាំយកអំណោយសប្បុរសធម៌របស់សមាគមសង្គហមិត្តមន្ត្រីរាជការនៃ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជូនសមាជិកសមាគមស៊ីក្លូកម្ពុជា ចំនួន១០៦នាក់។

ពិធីនេះបានធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ឆ្នាំ២០២៣ នៅទីលានខាងមុខមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC)។ អំណោយទាំងនោះរួមមានក្នុងម្នាក់ៗ ទទួលបាន៖ មីជាតិ ១កេស, ត្រីខកំប៉ុង ១យួរ, ភេសជ្ជៈប៉ូវកម្លាំង ១កេស ព្រមទាំងថវិកាមួយចំនួន។

នាឱកាសនោះ លោក សែ សុឃន បានសម្តែងសេចក្តីរីករាយដែលបានមកជួបជាថ្មីម្តងទៀត និងបានចូលរួមចំណែកជួយសម្រាលការខ្វះខាត និងតម្រូវការជាមូលដ្ឋានរបស់សមាជិកសមាគមស៊ីក្លូកម្ពុជា។

លោកក៏បានលើកឡើង ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្នុងការជួយជ្រោមជ្រែងអភិរក្សស៊ីក្លូ ដែលពីដើមឡើយត្រូវបានប្រើប្រាស់ជាមធ្យោបាយបម្រើសេវាដឹកជញ្ជូនដ៏ពេញនិយមតែក្រោយមកត្រូវបានជំនួសដោយរថយន្តក្រុង ម៉ូតូឌុប និងម៉ូតូកង់បីជាដើម ហើយបច្ចុប្បន្ន ស៊ីក្លូត្រូវបានប្រើប្រាស់សម្រាប់បម្រើក្នុងវិស័យទេសចរណ៍វិញ។

ទន្ទឹមនេះ លោក សែ សុឃន ក៏បានរំលឹកដល់អ្នកធាក់ស៊ីក្លូទាំងអស់ត្រូវបន្តថែរក្សាសុខភាព និងការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩ ឬជំងឺផ្សេងៗ ដើម្បីបន្តប្រកបមុខរបរចិញ្ចឹមជីវិត និងពុះពាររាល់ការលំបាកទាំងអស់គ្នា ដែលក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងជួបវិបត្តិជាសាកល។

គួរបញ្ជាក់ផងដែរថា ការឧបត្ថម្ភនាឱកាសនេះជាឆ្នាំទី៤ ដែលសមាគមសង្គហមិត្តមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំយកអំណោយសប្បុរសធម៌ចែកជូនដល់សមាជិកសមាគមស៊ីក្លូកម្ពុជា ដោយប្រើប្រាស់មូលនិធិសប្បុរសធម៌ក្រោមក្របខណ្ឌសមាគមសង្គហមិត្តមន្ត្រីរាជការនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានបង្កើតឡើងកាលពីឆ្នាំ២០២០ ក្នុងស្មារតីចូលរួមចំណែកផ្តល់ជំនួយគាំទ្រសម្រាប់សម្រាលដល់ការលំបាកចំពោះ អង្គការសមាគម មណ្ឌលកុមារកំព្រា និងជនងាយរងគ្រោះនានា៕