(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតថ្លែងអំណរព្រះគុណទូលថ្វាយសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដែលព្រះអង្គបានប្រោសប្រទានព្រះរាជសារជូនពរក្នុងឱកាសទទួលបានគោរមងារជា «សម្តេចមហារដ្ឋសភាធិការធិបតី» ពីព្រះករុណាជីវិតលើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

តាមរយៈសារលិខិត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានថ្វាយយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះរាជបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណ ជាអនេកប្បការដ៏ស្មោះស្ម័គ្របំផុត ដែលទ្រង់បានផ្ញើព្រះរាជសារលិខិតចូលរួមអបអរសាទរចំពោះខ្ញុំម្ចាស់ ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត
នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានគោរមងារដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុតដល់ខ្ញុំម្ចាស់ ជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី»។

ព្រះរាជលិខិតអបអរសាទររបស់ សម្តេចព្រះវររាជមាតាជាតិខ្មែរ នាឱកាសនេះគឺជាការលើកទឹកចិត្តចំពោះខ្ញុំម្ចាស់ ក្នុងការបំពេញ កិច្ចការងារ ដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិដ៏មានសារៈសំខាន់ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

ទូលព្រះបង្គំខ្ញុំម្ចាស់ សូមប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើនិងការពារផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា មានស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រចំពោះរាជបល្ល័ង្ក ការពារ និងគោរពព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា។

ទូលព្រះបង្គំ ខ្ញុំម្ចាស់ សូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធក្នុងលោកទេវតាថែរក្សាព្រះមហាស្វេតច្ឆ័ត្រ ព្រមទាំងគុណបុណ្យព្រះបារមី នៃដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមមេត្តាជួយអភិបាលគ្រងរក្សា និងប្រោះព្រំសព្ទសាធុការពរ បវរសួស្តីវិបុលសុខ បវរមហាប្រសើរ ថ្វាយចំពោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរព្រមទាំងព្រះញាតិវង្សានុវង្ស សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ។ សូម សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតទ្រង់ព្រះមេត្តាទទួលនូវក្តីគោរព និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំខ្ញុំម្ចាស់»៕

ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី៖