(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។
ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ លោក ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
លោក ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។
ជាមួយគ្នានេះ លោកបានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសសកម្ម ក្រោមការដឹកនាំរបស់សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។
លោកបានគូសបញ្ជាក់ផងដែរថា «ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត»។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹង រក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសសកម្មក្នុងការធានាឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា នារសៀលថ្ងៃនេះផងដែរ លោក ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕