(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០២៣នេះ បានរៀបចំការប្រឡងបញ្ចប់វគ្គ​ជំនាញចុងភៅ​ជំនាន់​ របស់សិក្ខាកាម ដែលបានរៀននៅរាជបណ្ឌិត្យសភាកម្ពុជា ​រយៈពេល២ខែ​ ទៅលើមុខម្ហូបអាស៊ី-អឺរ៉ុប​៣៦មុខ និង៥៥មុខ។

ជាងនេះទៅទៀត គណៈកម្មការដែលអញ្ជើញចូលរួមក្នុងការប្រឡងនេះ មាន៤រូប រួមមាន៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា លោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល លោក សែន ឬទ្ធី ប្រធានចុងភៅនៅសណ្ឋាគារ Fair Field by Marriott Phnom Penh លោក Daniel van Mmerienboer Executive Chef និងលោក រិន ណារ៉ា ប្រធានចុងភៅនៅ Vehha Sky Bar and Restaurant។

ការប្រឡងនេះ មិនមែនប្រាថ្នាតែសញ្ញបត្រទេ​ ប៉ុន្តែត្រូវតែមានសញ្ញាឃើញមុននឹងបញ្ចាប់​ការសិក្សា​ជាស្ថាពរ​ សិក្ខាកាមទាំងអស់ ត្រូវឆ្លងកាត់ការណែនាំពីអ្នកជំនាញដែលមិនមែនត្រឹមតែជាគ្រូរបស់ខ្លួនហើយមិនមែននៅស្ថាប័នរាជបណ្ឌិតសភាកម្ពុជាទៀត​។
ម្ហូបដែលសិក្ខាកាមប្រឡងនៅថ្ងៃនេះ បែងចែកជា២ ប្រភេទគឺ ម្ហូបដំបូង​៣មុខ​ និងម្ហូបក្តៅចំនួន៩មុខ។

នាឱកាសនេះដែរ លោកបណ្ឌិត យង់ ពៅ បានថ្លែងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈលើផ្នែកម្ហូបអាហារនៅរាជបណ្ឌិត្យសភាកម្ពុជា គឺឈរនៅលើទស្សនវិជ្ជាចំនួន៤ ដែលរាជបណ្ឌិត្យសភាកម្ពុជាបានសិក្សាស្រាវជ្រាវ គឺ «តម្លៃទាប ឆ្ងាញ់ គុណភាព និង ស្នាមញញឹម» ក្នុងនោះរួមមាន៖
*១៖ តម្លៃទាប ៖ តើធ្វើម៉េចឱ្យមានតម្លៃទាបបាន? បើតាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ដើម្បីឱ្យមានតម្លៃទាបបាន គឺត្រូវឈរនៅលើគោលការណ៍៤ ទី១ មានផលិតផលក្នុងស្រុក, ទី២មានជំនាញដោយ ខ្លួនឯង ទី៣ ផលិតផលអ័រកានិក និង ៤៖ បង្កើតពូជកសិកម្មនៅក្នុងស្រុក
*២៖ ឆ្ងាញ់ ៖ ដើម្បីឱ្យម្ហូបឆ្ងាញ់ ត្រូវឈរលើគោលការណ៍វិជ្ជាជីវៈ និងជំនាញ
៣៖ គុណភាព ៖ គឺទាមទារ៣ចំណុចសំខាន់ ១.គុណភាពមនុស្ស, ២.គុណភាពផលិតផល និង *៣​​​​៖ គុណភាពប្រទេសដែលមានបរិស្ថានល្អ។
*៤៖ ស្នាមញញឹម ៖ បើតាមការលើកឡើងរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានរបសក កម្ពុជាបានទទួលលេខ១នៅលើពិភពលោកចំពោះស្នាមញញឹម ប៉ុន្តែមានតែទៅលើប្រាសាទបាយ័ន តែមិនទាន់មានស្នាមញញឹមទៅលើម្ហូបអាហារនៅឡើយទេ, ដូច្នេះស្នាមញញឹម គឺបានមកពីកត្តា៣ខាងលើ គឺ ថោក ឆ្ងាញ់ គុណភាព ។ ហើយស្នាមញញឹមនេះនឹងក្លាយទៅជាទីផ្សារដ៏សំខាន់ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។

គួរបញ្ជាក់ដែរថា ក្រៅពីការបណ្តុះបណ្តាលថា្នក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតរាជបណ្ឌិត្យសភាកម្ពុជា ក៏មានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំនាញចុងភៅ ក្រឡុកស្រា ក្រឡុកផ្លែឈើ និងឆុងកាហ្វេផងដែរ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ០១២ ៨២៤ ៩២៤៕