(បាត់ដំបង)៖ លោកបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានជំរុញ និងកោតសរសើរដល់និស្សិតខ្មែរ សម័យទំនើបមានភាពវ័យឆ្លាត និងមានឱកាសរៀនបច្ចេកវិទ្យានិងនវានុវត្តន៍ឧស្សាហកម្មវិទ្យាសាស្ត្រ មិនចាញ់សិស្សបរទេសដែលមានសេដ្ឋកិច្ចជឿនលឿននោះឡើយ។
ការកោតសសើរបែបនេះ របស់លោកបណ្ឌិត ហ៊ុល សៀងហេង បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាតំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្ដន៍ ក្នុងឱកាសបើកការតាំងពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ ក្រោមប្រធាបទបច្ចេកវិទ្យាបៃតង អនាគត់បៃតង នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ ខេត្តបាត់ដំបង, ពិធីនេះមានការចូលរួមលោក ខែម រស្មី ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនឌូវី អ៊ុនធើណេសិនណល, លោក បណ្ឌិត អ៊ុំ ចាន់ចំណាន ប្រធានអង្គការ STEM Carbodia , ប្រធានមន្ទីរពាក់ព័ន្ធសាស្រ្តាចារ្យបរទេស ខ្មែរ លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត មាតា បិតាសិស្សជាច្រើននាក់ចូលរួមផងដែរ។
លោក ខែម រស្មី បានថ្លែងថា បានរៀបចំពិព័រណ៍វិទ្យាសាស្រ្តប្រចាំឆ្នាំបានចំនួន០៦ លើករួចមកហើយ គិតចាប់ពីឆ្នាំ២០១៥ មក ប៉ុន្តែបានខកខានរៀបចំរយៈពេល២ឆ្នាំ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ (ឆ្នាំ២០២០ និង២០២១ និងតាំងពិព័រណ៍វិទ្យាសាស្រ្តបានទាំង៦លើករួចមកហើយ។
លោកអគ្គនាយកបានបញ្ជាក់ថា ដោយមានការពេញចិត្ត គាំទ្រ និងជំរុញពីថ្នាក់ដឹកនាំខេត្ត និងមន្ទីរសំខាន់ៗ ក្រុមហ៊ុនឌូវី មានសេចក្ដីរំភើបជាអនេកក្នុងការនាំមកនូវពិព័រណ៍វិទ្យាសាស្រ្តលើកទី៧ ដែលជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ និងកាន់តែទូលំទូលាយជាងមុនដោយបើកឱ្យមានការចូលរួមពីសំណាក់សិស្សានុសិស្សមកពីតាមបណ្ដាលសាលារដ្ឋ និងឯកជននានាចូលរួមក្នុងការប្រកួតប្រជែងស្នាដៃក្នុងគម្រោងវិទ្យាសាស្រ្តដែលខ្លួនបានសិក្សាស្រាវជ្រាវផងដែរ។
លោកបន្តថា៖ «ពេលដែលយើងបានចាប់ផ្ដើមរៀបចំពិព័រណ៍វិទ្យាសាស្រ្តកាលពីឆ្នាំ២០១៥ ដែលជាឆ្នាំដំបូងនៃការកកើតព្រឹត្តិការណ៍ដ៏អស្ចារ្យនេះក្នុងតំបន់ យើងបានមើលឃើញ មានក្ដីស្រមៃ និងទស្សនវិស័យរួចមកហើយ ក្នុងការបង្កើតឱកាសដល់សិស្សានុសិស្សបានប្រលូកក្នុងការសិក្សាលើមុខវិជ្ជា វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា ដែលកម្មវិធីសិក្សានេះ ត្រូវបានឱ្យឈ្មោះខ្លីថា ស្ទីម។ ក្នុងឆ្នាំ២០២៣ យើងជឿជាក់ក្នុងការនិយាយថា ពិព័រណ៍វិទ្យាសាស្រ្តរបស់ ឌូវី គឺជាគន្លឹះក្នុងការពង្រឹងលើកកម្ពស់គុណភាព និងលទ្ធផលអប់រំតាមបែបឌីជីថល»។
លោកបណ្ឌិត ហ៊ុល សៀងហេង បានកោតសរសើរដល់ថ្នាក់ដឹកនាំក្រុមឌូវី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង នាំគ្នាពង្រឹងលើវិស័យអប់រំ ទាំងសាលារដ្ឋ និងឯកជន ក្នុងនោះសិស្ស និស្សិតបានរៀនផ្នែកវិទ្យាស្រ្ត គឺល្អបំផុតធ្វើឱ្យសិស្សនិស្សិតមានភាពរីកចម្រើន ទាំងផ្នែកសមត្ថភាព និងអភិវឌ្ឍន៍ខួរក្បាលកាន់តែខ្លាំង ជាធនធានជាមូលមនុស្សដ៏ល្អ សម្រាប់រួមចំណែកកសាងប្រទេស អភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគត់ផងដែរ៕