(ព្រះវិហារ)៖ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នាថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ បានយកនាំអំណោយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ច័ន្ទមុន្នី ចែកជូនសមាជិកសមាគមអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រចំនួន៩គ្រួសារ ស្ថិត​នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ​។

នៅក្នុង​ឱកាស​នោះ​ដែរ​ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ច័ន្ទមុន្នី ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់ ពីសុខទុក្ខនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ គ្មានទីពឹង។

លោកឧត្តមសេនីយ៍ទោ បានលើកឡើងថា អំ​ណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដែលនាំមកចែកជូនបងប្អូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លា​របស់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ និងលោកជំទាវ​ ពេជ្រ​ ច័ន្ទមុន្នី ដែលក្នុង០១គ្រួសារ​ៗ​ ទទួលបាន៖ អង្ករ​ ០១បេ, មី​ ០១កេស, ទឹកត្រី​ ០១យួរ, ភួយ​ ០១ និងថវិកាមួយចំនួនផងដែ​។

ក្នុងនាមបងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋដែលមានវត្តមានក្នុងពិធីនេះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងនូវការចូលរួមអបអរសាទរ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី តែងតាំងជានាយករដ្ឋមន្ត្រីនៃកម្ពុជា នៅអាណត្តិទី៧នេះ។

លោកក៏បានអំពាវនាវនាវដល់បងប្អូនអតីតយុទ្ធជន និងប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឱ្យប្រទេសជាតិកាន់តែទទួលបានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យថែមទៀត៕