(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី ស ម៉ាលីដា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកែប បានដឹកនាំមន្ត្រី សមាជិក សមាជិកាសាខាកាកបាទក្រហមខេត្តកែប ចុះជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ទៅផ្តល់ជូនគ្រួសារប្រជាពលរដ្ឋចំនួន ៣គ្រួសារ ដែលរងគ្រោះដោយសារអគ្គីភ័យ បណ្ដាលឱ្យខូចខាតផ្ទះសម្បែងទាំងស្រុង ដែលបានកើតឡើង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៣ទៀបភ្លឺ ស្ថិតនៅក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។

ការដល់អំណោយជូនប្រជាពលរដ្ឋទាំង ៣គ្រួសារខាងលើនេះ បានធ្វើឡើងនារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ នៅភូមិ ឃុំខាងលើ។

នាឱកាសនោះ លោកបណ្ឌិត សោម ពិសិដ្ឋ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខអាណិតអាសូរក្រៃលែង និងចូលរួមសោកស្ដាយចំពោះគ្រួសាររងគ្រោះ ពីសំណាក់ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខជូន ដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ច អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានេះ លោក សោម ពិសិដ្ឋ ក៏បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះគ្រោះអគ្គីភ័យនេះ ដែលបណ្ដាលឲ្យបងប្អូន បាត់បង់នូវផ្ទះសំបែង ក៏ដូចជាទ្រព្យសម្បត្តិដែលខំរកមកយ៉ាងលំបាក ព្រោះនេះជាគ្រោះមហន្តរាយដែលមិនបានដឹងមុន គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់របស់បងប្អូនក្តី តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើថា «កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»

សម្ភារដែលបានផ្តល់ជូនគ្រួសាររងគ្រោះទាំង ៣គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានរួមមាន៖ អង្ករ ៥០គីឡូក្រាម, ត្រីខ ១យួរ, មី ១កេស, ទឹកត្រី ១យួរ ,ទឹកសុទ្ធ១កេស ,កន្ទេល១ ,មុង ១, តង់១ ធុងទឹក ១ និងថវិកាចំនួន ១លានរៀល ក្នុងនោះដែរ លោកអភិបាលខេត្ត សោម ពិសិដ្ឋ ក៏បានឧបត្ថម្ភដល់កម្លាំងប៉ូលីស ១លានរៀល, កម្លាំងកងរាជអាវុធហត្ថ ១លានរៀល និងរដ្ឋបាលស្រុកដំណាក់ចង្អើរ ១លានរៀលផងដែរ៕