(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការងទី១ កាកបាទក្រហមកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងទទួលថវិកា១ម៉ឺនដុល្លារអាមេរិក ពីលោក វាង ស៊ី ប្រធានក្រុមហ៊ុន ZOOMWANG (CAMBODIA) INVESTMENT CO.,LTD នៅទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា។
ក្នុងពេលជួបសម្ដែងការគួរសមនោះ លោក វាង ស៊ី ប្រធានក្រុមហ៊ុន បានមានប្រសាសន៍ថា ក្រុមហ៊ុន ZOOMWANG (CAMBODIA) INVESTMENT CO.,LTD បានមកធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជារយៈពេល ៣ឆ្នាំកន្លងមកហើយ គោលបំណងរបស់ក្រុមហ៊ុន មិនត្រឹមតែដើម្បីរកប្រាក់ចំណេញតែប៉ុណ្ណោះទេ គឺដើម្បីជួយអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់ដែលក្រុមហ៊ុន បានអភិវឌ្ឍន៍ដាំណាំស្វាយចន្ទី កៅស៊ូ ម្រេច លើផ្ទៃដីចំនួន ៩ពាន់ហិកតា។
ជាមួយគ្នានោះលោកបានបញ្ជាក់បន្ថែមទៀតថា រយៈកាល ៣ឆ្នាំកន្លងមកនេះ លោកបានមើលឃើញពីការអភិវឌ្ឍន៍ និងរីកចម្រើនរបស់ប្រទេសកម្ពុជា ដែលមានសន្ទុះខ្លាំង បើប្រៀបធៀបទៅនឹងប្រទេសនៅលើសកលលោកនេះ។ លោកបានបញ្ជាក់បន្ថែមថា នេះការផ្តល់ជូនថវិកាលើកទី១ ដល់កាកបាទក្រហមកម្ពុជា ហើយនឹងមានការផ្ដល់ជូនជាបន្តបន្ទាប់ទៀត ដល់កាកបាទក្រហមកម្ពុជា ដើម្បីចូលរួមចំណែកដល់សកម្មភាពមនុស្សធម៌ ក្រោមការដឹកនាំដោយដ៏ឈ្លាសវៃ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។
ជាកិច្ចឆ្លើយតប លោកស្រី អគ្គលេខាធិការរងទី១ ក្នុងនាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណដល់ លោក វាង ស៊ី ប្រធានក្រុមហ៊ុន ដែលបានជួយឧបត្ថម្ភថវិកាដល់កាកបាទក្រហមកម្ពុជា។
ទន្ទឹមនឹងនោះដែរ លោកស្រី អគ្គលេខាធិការរងទី ១ បានលើកឡើងអំពីទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា និងចិន ដែលមានតាំងពីយូរអង្វែងមកហើយ។ ដោយឡែក កាកបាទក្រហមកម្ពុជា មានទំនាក់ទំនង និងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយ កាកបាទក្រហមចិន ដែលប៉ុន្មានឆ្នាំចុងក្រោយនេះ កាកបាទក្រហមកម្ពុជា បានទទួលអំណោយពីកាកបាទក្រហមចិន ដែលបាន នឹងកំពុងអភិវឌ្ឍន៍នូវកម្រោងចំនួនពីរគឺ៖ គម្រោងទី១ គឺគម្រោងអភិវឌ្ឍន៍សុខភាពសហគមន៍ នៅស្រុកជីក្រែង ខេត្តស្ទឹងត្រែង និងទី២ គឺគម្រោងអភិវឌ្ឍន៍ដំណាំដាំដុះ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ៕