(កំពង់ចាម)៖ លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយឃុំផ្តៅជុំ ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក លេខ៤ប្រចាំខេត្ត និងលេខ១៦ ទូទាំងប្រទេស នៃអត្រាកំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ប្រព្រឹត្តទៅនៅស្នាក់ការគណបក្សឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ពិធីនេះធ្វើឡើងនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងគោលបំណងអបអរសាទរ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងថ្លែងអំណរអរគុណចំពោះថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ និងចូលរួមក្នុងសកម្មភាពគោលនយោបាយគណបក្ស នាពេលកន្លងមក ជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះដ៏ត្រចេះត្រចង់ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅរក្សាឲ្យបាន នូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ និង ការរស់នៅដោយសុខក្សេមក្សាន្តនិងសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា។
តាមរយៈលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យឃើញថា ឃុំផ្តៅជុំ ស្រុកជើងព្រៃ មានកំនើនប្រជាពលរដ្ឋបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យឃុំផ្តៅជុំ ទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំខេត្តកំពង់ចាម និងលេខ១៧ ទូទាំងប្រទេស នៃអត្រាកំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។
ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាឃុំមួយដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង និងបានបាត់បង់កៅអ៊ីមេឃុំទៅគណបក្សភ្លើងទៀនកាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ដោយបាត់បង់សម្លេងគាំទ្រចំនួន ២២០សម្លេង ប៉ុន្តែក្នុងការបោះឆ្នោត ឆ្នាំ២០២៣ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងចំនួន១,២២១សម្លេង ក្នុងអត្រាកំណើន ៣៧,០៣%។
ជ័យជម្នះនេះ សម្រេចបានក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឍដ្ឋាន ក្នុងនោះក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់លោកបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល បានអនុវត្តសកម្មភាពគោលនយោបាយគណបក្សយ៉ាងជាប់លាប់ ដែលបានធ្វើឲ្យសកម្មជនគណបក្សភ្លើងទៀន ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ចំនួន ១៨៦រូប (ក្នុងខែមិថុនា ឆ្នាំ២០២៣) មកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។
លោកបណ្ឌិត ម៉ឹង មករា តែងតែណែនាំ និងលើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករក្នុងការពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។
ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ លោកបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្ម ដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕