(ភ្នំពេញ)៖ ក្មេងទំនើងកាប់ចាក់គ្នា និងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នៅមូលដ្ឋានសង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ និងនៅខណ្ឌពោធិ៍សែនជ័យ ចំនួន២ករណីផ្សេងគ្នា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ និងឈានដល់ការបង្ក្រាបបានបន្ដបន្ទាប់។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងចំនួន២ករណីផ្សេងគ្នា ដោយក្នុងនោះ៖

*ករណីទី១៖ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវរហូតឃាត់ជនសង្ស័យ ចំនួន៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា (ប្រើកាំបិតប៉័ងតោ ដុំថ្ម កាប់ និងវាយ) នៅចំណុចផ្លូវ១២បេតេ ក្រុម៤ ភូមិសន្សំកុសល៤ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។

ក្នុងនោះចាប់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ទី១៖ឈ្មោះ សែម ពន្លឺ ស្នាក់នៅផ្ទះជួល ភូមិកំបូលមាស សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរសិស្ស, ទី២៖ឈ្មោះ ផុន សឹង ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មុខរបរសិស្ស, ទី៣៖ឈ្មោះ សំអាង រក្សា ស្នាក់នៅផ្ទះគ្មានលេខ ភូមិសន្សំកុសល៣ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មុខរបរសិស្ស និងទី៤៖ឈ្មោះ រឿង ផាណា ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ៣១BTភូមិសន្សំកុសល១ សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ មុខរបរសិស្ស។

វត្ថុតាងដកហូត ម៉ូតូចំនួន២គ្រឿង (ម៉ាកScoopy ពណ៌ក្រហម ឆ្នាំ២០២២ ផ្លាកលេខភ្នំពេញ1JF-8861, ម៉ាកសេ១១០ ពណ៌ខ្មៅ ឆ្នាំ២០១២ ផ្លាកលេខភ្នំពេញ1IN-2614)។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

*ករណីទី២៖ ហិង្សាវាយបំផ្លិតបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃតាមផ្លូវសាធារណៈ (ដោយប្រើដុំថ្ម និងមួកសុវត្ថិភាព) នៅថ្ងៃទី ០១ ខែកញ្ញា ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១៖ ឈ្មោះ ឆែម សា អាយុ២៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើងមួយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ, ជនសង្ស័យទី២៖ ឈ្មោះ ហន វិសាល អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងជើងមួយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ គឹម វាសនា អាយុ២៣ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ។ សម្ភារខូចខាច ម៉ូតូជនរងគ្រោះ ហើយជនរងគ្រោះពុំមានរបួលស្នាមទេ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ កំពុងកសាង សំណុំរឿងបញ្ជូនទៅតុលាការ៕