Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងការបរទេស សម្រេចបញ្ឈប់ការងារមន្រ្តីអ្នកយាមស្ថានទូតម្នាក់ ពាក់ព័ន្ធការទាមទារប្រាក់ពីស្រ្តីខ្មែររងគ្រោះ នៅម៉ាឡេស៊ី

08-08-2016 17:56

(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្រេចបញ្ឈប់ការងារមន្រ្តីយាមកាម នៅស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ីម្នាក់ ពាក់ព័ន្ធនឹងការទាមទារប្រាក់​ពីស្រ្តីខ្មែររងគ្រោះ​ក្នុងប្រទេសនេះ ជាថ្នូរនឹងការបញ្ជូនត្រឡប់មកប្រទេសកម្ពុជា។

តាមការប្រកាសរបស់ក្រសួងការបរទេសដែល Fresh News ទើបទទួលបាននៅប៉ុន្មាននាទីមុននេះ បានឱ្យដឹងថា អ្នកយាមស្ថានទូត ដែលត្រូវបានបញ្ឈប់ពីការងារនោះមាន ឈ្មោះ អាតាំ រោសាតតេ ភេទប្រុស កើតថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ១៩៤៦ ជាជនជាតិខ្មែរ-ឥស្លាមនៅម៉ាឡេស៊ី ដែលបានធ្វើការនៅស្ថានទូតរយៈពេលជាង២ឆ្នាំ ។ ក្រោយពីបញ្ឈប់ពីការងារនេះ ស្ថានទូតស្ថានទូតខ្មែរ នឹងធ្វើការជ្រើសរើសអ្នកយាមថ្មី ដោយការប្រយ័ត្នប្រយែងជាទីបំផុត ដើម្បីជៀសវាងរឿងនេះកើតឡើងម្តងទៀត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ស្រ្តីឈ្មោះ ខ្លុយ មុនី ដែលអះអាងថា ជាពលការិនីខ្មែររងគ្រោះកំពុងនៅប្រទេសម៉ាឡេស៊ី បានទូរស័ព្ទប្រាប់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកថា កាលពីថ្ងៃទី១ ខែសីហា នាងត្រូវមន្រ្តីស្ថានទូតខ្មែរប្រចាំនៅម៉ាឡេស៊ី ទារប្រាក់ចំនួន២លើក នៅពេលដែលគាត់ទៅស្វែងរកអន្តរាគមន៍ ដោយលើកទី១ ចំនួន១០០០រីងហ្គិត និងលើកទី២ ចំនួន៤ពាន់រីងហ្គីត ជាថ្នូនឹងការបញ្ជូនត្រឡប់មកកម្ពុជាវិញ។  

លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអះអាងថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បាបទូរស័ព្ទដោយផ្ទាល់ ទៅអគ្គរាជទូតខ្មែរប្រចាំនៅម៉ាឡេស៊ីភ្លាមតែម្តង ដើម្បីដោះស្រាយរឿងនេះជាបន្ទាន់ ហើយត្រូវធ្វើយ៉ាងណារកមន្រ្តីខិលខូចនេះឱ្យឃើញ៕