(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារអំណរគុណ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា ដែលបានអបអរសាទរចំពោះ សម្តេចដែលទទួលគោរមងារថ្មី។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងដូច្នេះថា៖

«សម្តេចវិបុលសេនាភក្តី ជាទីគោរពដ៏ខ្ពង់ខ្ពស់!

នាងខ្ញុំមានសេចក្តីសោមនស្សរីករាយឥតឧបមា ដោយទទួលបានសារអបអរសាទររបស់ សម្ដេច វិបុលសេនាភក្តី នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ប្រកបដោយអត្ថន័យយ៉ាងជ្រាលជ្រៅ និងសព្ទសាធុ ការពរជ័យ ក្នុងឱកាសដែល ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានគោរមងារ ដល់នាងខ្ញុំ ជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ។

សារអបអរសាទរ និងជូនពររបស់ សម្ដេចវិបុលសេនាភក្តី នាឱកាសនេះគឺជាការលើកទឹកចិត្ត ចំពោះរូបនាងខ្ញុំ ក្នុងការបំពេញ កិច្ចការងារ ដឹកនាំរដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិដ៏មានសារៈសំខាន់ក្នុង ការបម្រើជាតិ មាតុភូមិ និងប្រជាពលរដ្ឋទូទាំងប្រទេស។

នាងខ្ញុំ សូមប្តេជ្ញាខិតខំឱ្យអស់ពីសមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុងឧត្តមថ្លៃថ្លានេះប្រកបដោយ ការខិតខំប្រឹងប្រែង និងការទទួលខុសត្រូវខ្ពស់ បម្រើការពារផល់ប្រយោជន៍ជាតិ មាតុភូមិ ប្រជាជនកម្ពុជា និងដើម្បីបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាបន្តលើកស្ទួយកិត្យានុភាពជាតិនៅលើឆាក អន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ នាងខ្ញុំសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមបួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាម ជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូន ចំពោះ សម្តេចវិបុលសេនាភក្តី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ព្រមទាំងសូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចវិបុលសេនាភក្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីនាងខ្ញុំ»៕