(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានផ្ញើព្រះរាជសារលិខិត ចូលរួមអបអរសាទរ ចំពោះលោកជំទាវ ឃួន សុដារី ក្នុងឱកាសដែលលោកជំទាវ ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ព្រះរាជទានគោរមងារ ដ៏ឧត្តុង្គឧត្តមខ្ពង់ខ្ពស់បំផុត ជា «សម្តេចមហារដ្ឋសភាធិការធិបតី»។

ព្រះរាជសារលិខិតរបស់សម្តេចម៉ែ មានខ្លឹមសារទាំងស្រុងដូច្នេះថា៖ «ខ្ញុំមានហឬទ័យសោមនស្សរីករាយ សូមចូលរួមអបអរសាទរចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ក្នុងឱកាសព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន គោរមងារជាសម្តេច ជាឥស្សរជនជាតិជាន់ខ្ពស់ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ ។

ខ្ញុំសូមកោតសរសើរដ៏កក់ក្តៅ ចំពោះគុណបំណាច់ដ៏ថ្លៃថ្លា វីរភាពដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ដែលបានចូលរួមដឹកនាំប្រទេសធ្វើឱ្យមានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិរីកចម្រើនលើគ្រប់វិស័យ និងកសាងប្រព័ន្ធច្បាប់នៅកម្ពុជា បន្តវេន អំពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

នៅក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំសូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមសម្ដេចមហារដ្ឋសភាធិការធិបតី និងក្រុមគ្រួសារ បានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕