(ភ្នំពេញ)៖ ជាមួយនឹងការចង្អុលបង្ហាញពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចម្រុះ រួមមានតំណាងទីចាត់ការជំនាញពាក់ព័ន្ធចំណុះសាលារាជធានីភ្នំពេញ, លោក សក់ ច័ន្ទកញ្ញារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ព្រមទាំងក្រុមការងារជំនាញរបស់រដ្ឋបាលខណ្ឌ, តំណាងគណៈកម្មការផ្សាររដ្ឋ និងតំណាងក្រុមហ៊ុនវិនិយោគសាងសង់ផ្សារសេនជូរីប្លាហ្សាថ្មី ចុះតាមដានវឌ្ឍនភាពការអនុវត្តគម្រោងវិនិយោគសាងសង់ផ្សារសេនជូរីប្លាហ្សាថ្មី និងតំបន់ជុំវិញ ដែលមានទីតាំងស្ថិតលើបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិសាស្រ្តសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងក្រោយពីការរៀបចំពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរជូនអាជីវករចាស់ និងក្រោយពីការផ្ទេរអាជីវករចាស់ ដែលបានលក់ដូរបណ្តោះអាសន្ននៅលើសួនកុមារពោធិ៍ចិនតុង ក្នុងអំឡុងពេលសាងសង់ផ្សារនាពេលកន្លងមកឱ្យត្រឡប់ចូលទៅលក់ក្នុងផ្សារដែលបានសាងសង់ថ្មីវិញ។
បន្ទាប់ពីបានចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងវិនិយោគនៅនឹងទីតាំងផ្ទាល់ និងក្រោយពីបានផ្តាំផ្ញើការសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជូនដល់អាជីវករដែលកំពុងលក់ដូរនៅផ្សារសេនជូរី ផ្លាហ្សារួចមក, លោក នួន ផារ័ត្ន បានស្នើដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ រដ្ឋបាលសង្កាត់កាកាប និងគណៈកម្មការផ្សារ ត្រូវរក្សាឱ្យបាននូវសណ្តាប់ធ្នាប់របៀបរៀបរយ ដោយមិនត្រូវអនុញ្ញាតឱ្យអ្នកលក់ដូរថ្មីៗ មកលក់ដូររំលោភបំពាននៅលើទ្រូងផ្លូវសាធារណៈ ដូចស្ថានភាពមុនពេលដែលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំដោះស្រាយនោះទេ។
ទន្ទឹមនេះ លោក នួន ផារ័ត្ន បានស្នើដល់ក្រុមហ៊ុនវិនិយោគ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមខ្លឹមសារនៃកិច្ចសន្យា និងសៀវភៅបន្ទុកនានា ដែលបានចុះជាមួយនឹងរដ្ឋបាលរាជធានីភ្នំពេញ។
លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលទិញទំនិញ របស់របរប្រើប្រាស់ គ្រឿងឧបភោគ និងគ្រឿងបរិភោគនានា នៅក្នុងផ្សារ ជាជាងនៅតាមចិញ្ចើមផ្លូវជុំវិញផ្សារ ដែលអាចបង្កជាការកកស្ទះចរាចរ បាត់បង់សណ្តាប់ធ្នាប់របៀបរៀបរយ និងប៉ះពាល់ដល់សោភ័ណភាពរបស់ទីក្រុង។
បន្ថែមលើនេះ លោក នួន ផារ័ត្ន បានជម្រាបជូនថា រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តអនុវត្តគម្រោងកែលម្អ និងលើកកម្ពស់សោភ័ណភាពផ្សារ និងតំបន់ជុំវិញផ្សារសេនជូរីផ្លាហ្សានេះ ឱ្យកាន់តែមានសោភ័ណភាព មានបរិស្ថាន-អនាម័យល្អ និងមានសណ្តាប់ធ្នាប់របៀបរៀបរយ តាមរយៈការរៀបចំក្រាលការ៉ូឡានៅតាមបណ្តោយផ្លូវជុំវិញផ្សារ, ការរៀបចំឱ្យមានផ្លូវថ្មើរជើង, ការជួសជុលបន្ថែមផ្លូវដែលខូច និង ការកែលម្អសោភ័ណភាពសួនកុមារពោធិ៍ចិនតុង បន្ទាប់ពីអាជីវករបានរើចេញរួចរាល់អស់ ដើម្បីបម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានផងដែរ។
គួរបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចអនុញ្ញតឱ្យបើកការដ្ឋានសាងសង់ផ្សារសេនជូរីផ្លាហ្សាថ្មី បន្ទាប់ពីទទួលបានការឯកភាពទាំងស្រុងពីអាជីវករផ្សារ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ការសាងសង់ផ្សារនេះ ជាការវិនិយោគជាគម្រូមួយ ដែលត្រូវបានគិតគូរជាពិសេសដល់អាជីវករចាស់ៗ ហើយធានាយ៉ាងណាឱ្យពួកគាត់អាចត្រឡប់ចូលមកលក់ដូរ នៅក្នុងផ្សារដែលបានសាងសង់ថ្មីវិញ ក្រោយពីផ្សារបានសាងសង់រួចរាល់ជាស្ថាពរ៕